(វីដេអូ) Cheer ស្រឡាំងកាំងទប់ចិត្តមិនបាន ទឹកភ្នែកម៉ាត់ៗក្នុងកម្មវិធី ខណៈច្រៀងប៉ះ Golf ជាអតីតស្នេហ៍ដំបូង
ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ និង តាមដាននូវកម្មវិធីល្បីរបស់ថៃដែលមានឈ្មោះថា «The Wall Song» មិនខាន ដោយកម្មវិធីល្បីមួយនេះ តែងតែពញ្ញាក់អារម្មណ៍សម្រាប់មហាជន ក៏ដូចជាតារាចម្រៀងដែលចូលរួមជានិច្ច។
តួយ៉ាង នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធី «The Wall Song» ហាក់ពញ្ញាក់អារម្មណ៍មហាជនអ្នកគាំទ្រមិនស្ទើរនោះទេ ព្រោះខាងកម្មវិធីបានអញ្ជើញតារាស្រី Cheer និង តារាចម្រៀងប្រុស Golf Pichaya មកប៉ះគ្នាជាដៃគូផ្អើលអស់កម្មវិធី។
ដោយឡែក ក្នុងពេលកម្មវិធីដំណើរការនោះ តារាស្រី Cheer បានសម្រសក់ទឹកភ្នែកខណៈបានដឹងថា Golf Pichaya មកច្រៀងជាគូជាមួយនាង ទាំងអ្នកទាំងពីរធ្លាប់ជាសង្សារនឹងគ្នា ពោលគឺជាស្នេហ៍ដំបូងនឹងគ្នា ដោយម្នាក់ៗមិននឹកស្មានថានឹងមកជួបគ្នាក្នុងកម្មវិធីមួយនេះឡើយ។
យ៉ាងណាមិញ បើតាមការទម្លាយពីអ្នកទាំងពីរនៅក្នុងកម្មវិធី បានឱ្យដឹងថា តាមពិតទៅអ្នកទាំងពីរស្គាល់គ្នា និង ទាក់ទងគ្នាចាប់តាំងពីនៅរៀនមហាវិទ្យាល័យមកម្ល៉េះ តែចុងក្រោយតារាស្រី Cheer ក៏បានសុំបែកខាងប្រុស ធ្វើឱ្យ Golf Pichaya ខូចចិត្តម្នាក់ឯងនាពេលនោះ។
ទោះជាយ៉ាងណា ខណៈពេលទម្លាយរឿងរ៉ាវអតីតកាលនៅក្នុងកម្មវិធី «The Wall Song» នេះ Cheer សុំទោស Golf Pichaya សម្រាប់រឿងដែលកើតឡើងនាពេលនោះ មិនតែប៉ុណ្ណោះ ចប់កម្មវិធីអ្នកទាំងពីរក៏បានជូនពរគ្នា រាប់គ្នាជាមិត្តបន្តទៀតផងដែរ៕