Sririta ទម្លាយថា មុនដឹកដៃប្តីចូលរោងការ នាង និង ប្តីគឺមានប្រវត្តិស្នេហ៍បែបលួចលាក់
Sririta Jensen តារាស្រីកូនកាត់ថៃ-ដាណឺម៉ាក ដែលមានរូបរាងស្រស់ស្អាត មានទេពកោសល្យ ជាអ្នកម្តាយសម័យថ្មី ដែលមានកូនប្រុសដ៏គួរឱ្យស្រឡាញ់ និង ស្វាមីស្រឡាញ់ថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់។
ថ្មីៗនេះ Sririta បានចូលផ្តល់បទសម្ភាសក្នុងកម្មវិធី Club Friday ដោយបានចែករំលែកបទពិសោធជីវិត និង រឿងរ៉ាវមួយចំនួន។ ក្នុងនោះ Sririta បានទម្លាយថា ៖ «មុនពេលចូលរោងការ ខ្ញុំ និង បង Korn ធ្លាប់ទាក់ទងគ្នាបែបលួចលាក់ស្ងាត់ៗ ដែលនិយាយទៅប្រៀបដូចជារឿងអស់សំណើចមួយ។ តាមពិតពួកយើងស្គាល់គ្នាតាំងពីក្មេងមកម្ល៉េះ តែជំនាន់នោះព័ត៌មានគឺថាផ្ទុះទប់មិនជាប់នោះទេ ទាំងដែលពួកយើងបានបកស្រាយថា រាប់អានគ្នាត្រឹមជាបងប្អូនប៉ុណ្ណោះ»។
«លុះក្រោយមក ពេលត្រឡប់មកទាក់ទងគ្នាម្តងទៀត យើងក៏យល់ព្រមនឹងគ្នាថាទាក់ទងគ្នាបែបស្ងាត់ៗ មិនប្រាប់អ្នកណាទាំងអស់ អាចនិយាយបានថាស្នេហាលេងបិទពួន ហើយរាល់ពេលទៅដើរលេងជាមួយគ្នាម្តងៗ គឺមិនបានទៅជាមួយគ្នានោះទេ គឺថាកក់សំបុត្រជិះយន្តម្នាក់មួយ ជិះយន្តហោះផ្សេងគ្នា ដោយសារខ្លាចផ្ទុះព័ត៌មានទៀត។ មុនមានថ្ងៃនេះ ក៏ឈ្លោះគ្នាមិនតិចដង មិនមែនដូចគ្រប់គ្នាគិតថាចេះតែផ្អែមគ្រប់ពេលនោះទេ»៕