ស្មានមិនដល់ថា Lisa ធ្លាប់ចង់បោះបង់ក្ដីស្រមៃជាតារា KPOP ដោយសារបញ្ហាទាំងនេះ
សមាជិកក្រុមនារីកូរ៉េ BLACKPINK ដែលជាតារាស្រីវ័យក្មេង សញ្ជាតិថៃ Lisa កំពុងតែដណ្តើមបានទីផ្សារសិល្បៈពិភពលោកមិនតិចនោះទេ ចាប់តាំងពីខ្លួនបាន debut មក។ យ៉ាងណាមិញ មុននឹងនាងទទួលបានភាពជោគជ័យទាំងនេះ Lisa ក៏ធ្លាប់បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន និង ការបាក់ទឹកចិត្តកំឡុងពេលហ្វឹកហាត់ជាដើម។
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Rolling Stone ថ្មីៗនេះ Lisa បានទម្លាយប្រាប់មហាជនដោយស្មោះត្រង់អំពីភាពលំបាកដែលនាងបានទទួលរងទុក្ខកាលពីនាងនៅជា អ្នកហ្វឹកហ្វាត់ (trainee) មួយរូប ដោយ Lisa បានពន្យល់ថា អ្វីគ្រប់យ៉ាងដែលពួកនាងធ្វើរាល់ថ្ងៃ គឺដើម្បីជួយពួកនាងទាំងអស់គ្នា (BLACKPINK) ឱ្យបាន debut ហើយនាងក៏បានបន្ថែមថា៖ ពាក្យ «Debut, debut, debut គឺជារឿងតែមួយគត់នៅក្នុងខួរក្បាលរបស់នាង»។
មិនតែប៉ុនណោះ Lisa ក៏បានបន្ថែមថា ខ្លួនធ្លាប់ប៊ិះនឹងបោះបង់ចោលក្ដីស្រមៃមួយ ដែលនាងចង់ក្លាយជាតារា KPOP ដោយសារតែត្រូវតេស្ដសមត្ថភាពជារៀងរាល់ខែ មានទាំងការសម្តែងទោល និងរួមក្រុម ដោយពេលនោះនាងបានទម្លាយថាកាលណោះ នាងធ្លាប់បានគិតថា៖ «តើពេលណាបានវាចប់? ហើយរឿងនេះពួកយើងត្រូវធ្វើអ៊ីចឹងរាល់ខែរហូតមែន?»។
លើសពីនេះទៅទៀតនាងបានប្រាប់ថា នាងបានទូរស័ព្ទទៅម្ដាយរបស់ខ្លួន ថានាងចង់បោះបង់ចោលនូវក្ដីស្រមៃមួយនេះ ប៉ុន្តែម្ដាយនាងបានលើកទឹកចិត្ត Lisa ដោយនិយាយថា៖ «ទ្រាំបន្តិចទៅកូន! ត្រឹមតែប៉ុន្មានឆ្នាំទៀត តែប៉ុនណោះ។ ទ្រាំទៅកូន»៕
ប្រភព៖ Koreaboo