តម្លៃផ្ទះវីឡាថ្មីជាប់ទន្លេចៅផាយ៉ារបស់ Pok និង Margie ដឹងហើយលើកដៃគក់ទ្រូង
បន្ទាប់ពីបានប្រើប្រាស់ជីវិតជាប្តីប្រពន្ធអស់រយៈពេលជាង ៥ ឆ្នាំ ព្រមទាំងមានកូនភ្លោះមួយគូជាចំណងដៃមក កន្លងមកនេះតារាស្រី Margie និង Pok ជាស្វាមី ទើបតែបានចាប់ដៃគ្នាសាងផ្ទះវីឡាថ្មី លើផ្ទៃដីជាង ១៨ រ៉ៃ ជាប់ទន្លេចៅផាយ៉ា ដែលមើលទៅពិតជាប្រណីតហ៊ឺហាមិនធម្មតាឡើយ។
ក្នុងនោះ ផ្ទៃដី ១៨ រ៉ៃនេះ មិនមែនមានតែផ្ទះរបស់គូស្វាមីភរិយាមួយខ្នងនោះទេ គឺមានសរុប ៥ ខ្នងឯណោះ ដោយមានផ្ទះឪពុកម្តាយ ក៏ដូចជាបងប្អូនរបស់ Pok មករស់នៅជុំគ្នាផងដែរ។ លើសពីនេះទៅទៀត ថែមទាំងមានផ្ទះសម្រាប់លម្ហែកាយ និង ទទួលភ្ញៀវ រួមជាមួយទីកន្លែងកម្សាន្តជាច្រើនទៀតផង ចំណែកឯបរិយាកាស ក៏ដូចជាទីធ្លាមើលទៅធំទូលាយគួរឱ្យចង់រស់នៅមែនទែន។
ថ្មីៗនេះដែរ គូស្វាមីភរិយាសេដ្ឋីទាំងគូ ក៏បានចេញមុខទម្លាយឱ្យដឹងពីតម្លៃនៃផ្ទះវីឡារបស់ខ្លួនផងដែរ ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។ Pok និង Margie បានឱ្យដឹងថា គ្រាន់តែតម្លៃរបស់ផ្ទះពួកគេមួយខ្នង សរុបទាំងគ្រឿងសង្ហារិមផ្សេងៗទាំងអស់ គឺតម្លៃជាង ៦០ លានបាត ដែលស្មើនឹង ១ លាន ៧ សែនដុល្លារទៅហើយ នេះមិនទាន់គិតតម្លៃដីនោះទេ។ ចំណែកតម្លៃដីវិញ គឺ ១៥ លានបាត ស្មើនឹង ៤ សែន ៤ ម៉ឺនដុល្លារ ដែលជាតម្លៃទិញតាំងពី ៦ ឆ្នាំមុនមកម្ល៉េះ។
យ៉ាងណាមិញ ត្រឹមតម្លៃរបស់ផ្ទះ Pok និង Margie មួយខ្នងនេះ ពិតជាញាក់សាច់ណាស់ទៅហើយ តែនេះនៅមិនទាន់គិតតម្លៃសរុបរបស់ផ្ទះផ្សេងៗទៀតឡើយ ហើយមហាជនក៏អត់សរសើរមិនបានដែរ នូវភាពមានបានជាសេដ្ឋីរបស់គ្រួសារ Pok នោះ៕