នឹកឪពុកម្ដាយខ្លាំងពេក សុវត្ថិឌី ធារិកា បានត្រឹមហូរទឹកភ្នែកបង្ហាញរូបថតជុំគ្រួសារគួរឱ្យស្រណោះ
រយៈពេល ១០ ថ្ងៃហើយដែលតារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា និង ប្អូនប្រុស ត្រូវរស់នៅក្រោមឈ្មោះជាកូនកំព្រាគ្មានឪពុកម្ដាយ បន្ទាប់ពីអ្នកមានគុណជាទីស្រឡាញ់ទាំងពីររបស់ពួកគេ បានទទួលមរណភាពយ៉ាងរន្ធត់បំផុតកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ដែលធ្វើឱ្យផ្ទុះការភ្ញាក់ផ្អើលអស់សិល្បករ សិល្បការិនី និង មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ព្រោះតែក្ដីអាណិតអាសូរដល់ ធារិកា និង ប្អូនប្រុសជាពន់ពេក ដោយត្រឹមមួយប៉ប្រិយភ្នែកពួកគេបាត់បង់អស់អ្នកមានគុណបំផុតម្ដងដល់ទៅ ២ នាក់ព្រមគ្នា។
កាលអ្នកមានគុណទាំងពីររបស់តារាចម្រៀងវ័យក្មេងខាងលើទើបតែលាចាកលោកភ្លាមៗ គេឃើញវីដេអូផ្សេងៗដែលបានផុសចែកចាយលើហ្វេសប៊ុក បង្ហាញពីទិដ្ឋភាព សុវត្ថិឌី ធារិកា គិតតែពីស្រែកយំត្អូញត្អែរ ដង្ហើយហៅឈ្មោះឪពុកម្ដាយ មិនអាចទទួលយកនូវការបាត់បង់ដ៏ធំធេងមួយនេះបានឡើយ ដែលមើលទៅពិតជាគួរឱ្យសង្វេគ និង ខ្លោចផ្សារជាទីបំផុត។
ដ្បិតថាមកដល់ពេលនេះ សុវត្ថិឌី ធារិកា អាចធ្វើចិត្តបានខ្លះ ប៉ុន្ដែទឹកចិត្តស្រឡាញ់ និង ក្ដីនឹករឭកដល់លោកទាំងពីរនៅតែដក់ជាប់ក្នុងក្រអៅបេះដូងកូនស្រីម្នាក់ទៀតមិនសាបសូន្យឡើយ។ តួយ៉ាងនៅព្រឹកថ្ងៃទី ២៦ ឧសភា នេះ ធារិកា បានបង្ហោះរូបថតអតីតកាលមួយស្ដែងពីទិដ្ឋភាពគ្រួសារនាងកំពុងជួបជុំគ្នាធ្វើពិធីខួបកំណើតយ៉ាងមានក្ដីសុខ ដោយទឹកមុខម្នាក់ៗពោរពេញដោយស្នាមញញឹមមានសុភមង្គលបំផុត តែត្រឹមមួយប៉ប្រិយភ្នែកសោះគ្រប់យ៉ាងក៏សល់ត្រឹមអនុស្សាវរីយ៍ ព្រោះមនុស្សលែងនៅទៀតទៅហើយ៕