វីដេអូលុបហើយ? ក្រោយពីហ្វេសប៊ុក Tangmo បង្ហោះសកម្មភាព Gratik ឡើងទូកនៅកំពង់ផែ
បន្ទាប់ពីហ្វេសប៊ុករបស់តារាសម្ដែងស្រី Tangmo Nida បានត្រឡប់មកសកម្មម្ដងទៀត ទាំងដែលសាមីខ្លួនបានបាត់បង់ជីវិតហើយ។ ថ្មីៗនេះ មហាជនក្នុងបណ្តាញសង្គមបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញរូបភាពក៏ដូចជាវីដេអូខ្លីៗទាំងក្នុង Story បានបង្ហោះនៅលើគណនីនេះ ជាបន្តបន្ទាប់ ជាមួយនឹងខ្លឹមសារបង្កប់អត្ថន័យសរសេរសំដៅទៅលើមនុស្សទាំង ៥ នាក់នៅលើទូកក្នុងពេលកើតហេតុ។
យ៉ាងណាមិញ ក្រោយពីហ្វេសប៊ុករបស់តារាស្រី Tangmo បានបង្ហោះឃ្លីបវីដេអូ Gratik ពេលឡើងលើទូក ពាក់ស្បែកជើងកែងចោត និង កាន់ដៃបុរសពីរនាក់ដែលបានឈរជិតនាងផងនោះ។ ជាមួយនឹងសារសរសេរថា៖ «យើងមិនបាននោមនៅក្រោយទូកទេ។ សូម្បីតែទូកដែលចតចោលនៅមានរលក ឯងនៅតែតោងដៃបុរស ២នាក់ ឱ្យគេជួយ។ យើងមិនអាចនិយាយបានទេ កុំនិយាយបង្កាច់បង្ខូចយើងអី សម្លាញ់»។
ទោះជាយ៉ាងណា កាលពីយប់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ ប្រមាណម៉ោង ៩:៥០នាទី វីដេអូដែលបានឃើញនៅក្នុងបណ្តាញសង្គម ត្រូវបានបាត់ចេញពីហ្វេសប៊ុក ដូចដែលត្រូវគេគិតថាអាចនឹងលុបចោល៕