ហ្វេនៗសង្ស័យព្រាត! Boy នាំ Fayefaye ទៅជួបម្តាយ ក្រោយចាប់បានដំរួយច្បាស់ៗ
ជឿជាក់ថាប្រិយមិត្តភាគ មុខជាបានស្គាល់ច្បាស់ Boy Pakorn តារាប្រុសមាឌមាំ រាងសង្ហា និងជាតួឯកប្រុសល្បីឈ្មោះមួយរូបប្រចាំប៉ុស្តិ៍លេខ ៣ ដែលអាចសម្តែងបានយ៉ាងគួរឱ្យកោតសរសើរ។
ក្រោយប្រកាសពីសម្ពន្ធភាពជាមួយតារាចម្រៀងស្រី Fayefaye សមាជិកក្រុម FFK បានជាងកន្លះឆ្នាំរួចមក គេសង្កេតឃើញថា Boy ហាក់យកចិត្តទុកដាក់នឹងគូស្នេហ៍ជាខ្លាំង ទាំងដែលសាមីខ្លួនទាំងសងខាង ធ្លាប់បានចេញមុខបកស្រាយថា មិនហ៊ានហៅគ្នាជាសង្សារ ត្រឹមជាមនុស្សមើលចិត្តគ្នាក៏ពិតមែន ប៉ុន្តែគូនេះតែងបណ្តើរគ្នាទៅណាមកណាជាញឹកញាប់។
ថ្មីៗនេះដែរ មហាជនហាក់ចាប់ភ្លឹកជាខ្លាំង ក្រោយ Boy បានបង្ហោះរូប Fayefaye នៅលើគណនី IG ជាមួយសារថា៖ «ខ្ញុំថតរូបឱ្យនាង នាងថតរូបឱ្យខ្ញុំ» ហើយថែមទាំង Check-in នៅទីតាំងស្ទូឌីយូម្តាយរបស់ខ្លួនថែមទៀត។
ដំរួយច្បាស់ៗទាំងនេះ បានធ្វើឱ្យមានមតិជាច្រើនលើកឡើងថា សង្ស័យតារាប្រុស Boy ចាប់ផ្តើមណែនាំគូស្នេហ៍ទៅដល់ក្រុមគ្រួសារ ឱ្យបានស្គាល់ជាផ្លូវការហើយ។ តែយ៉ាងណាមិញ រឿងបន្តបែបណានោះមានតែរង់ចាំការអាប់ដេតបន្ថែមនៅពេលក្រោយ៕