ទាក់ទងបាន ៥ ខែ Fayefaye ទម្លាយខ្ទេចពីអត្តចរិត Boy Pakorn
ពេលវេលាចេះតែទៅមុខ ភ្លែតៗមកទល់ពេលនេះ តារាសម្តែងប្រុស Boy Pakorn បានសាងស្នេហាដំបូងរបស់ខ្លួនជាមួយនឹងតារាចម្រៀងស្រី FayeFaye អស់រយៈពេលជាង ៥ ខែទៅហើយ ដែលមើលទៅពួកគេហាក់រឹតតែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យមហាជនអ្នកគាំទ្រអៀនតាមមិនតិចនោះទេ។
យ៉ាងណាមិញ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ គូស្នេហ៍ថ្មីថ្មោងគូនេះ ក៏បានបណ្តើរគ្នាយ៉ាងស្អិតល្មួតមកចូលរួមកម្មវិធីមួយជាលើកដំបូង ព្រមទាំងឆ្លៀតឱ្យសម្ភាសទាក់ទងនឹងរឿងស្នេហារបស់ខ្លួនថែមទៀតផង។
ក្នុងនោះ អ្នកកាសែតក៏បានសួរទៅ FayeFaye ថា តើ Boy លង់នាងខ្លាំងដូចជាគេធ្លាប់និយាយឬយ៉ាងណា? FayeFaye ក៏បានតបទៅវិញថា Boy ជាមនុស្សពេញទី ជាមនុស្សចូលចិត្តយកចិត្តទុកដាក់ជាមួយអ្នកដទៃ តែងធ្វើអ្វីមួយដោយពេញទីអស់ពីកម្លាំងចិត្ត ហើយនាងក៏មានអារម្មណ៍ថា Boy យកចិត្តទុកដាក់មកលើនាងបានល្អណាស់ ប៉ុន្តែកម្រិតនៃការលង់ស្រឡាញ់របស់មនុស្សម្នាក់ៗគឺវាខុសគ្នា។ ភ្លាមៗ Boy ក៏បន្ថែមភ្លែតថា រឿងរបស់ Faye គឺលោកធ្វើពេញទីគ្រប់យ៉ាង។
FayeFaye បានបន្តទៀតថា Boy គឺជាមនុស្សដែលផ្អែមល្ហែម ពោលគឺផ្អែមល្ហែមលើសពីការគិតរបស់នាងទៅទៀត ដោយដំបូងឡើយនាងធ្លាប់គិតថាគេគ្រាន់តែជាមនុស្សកំប្លែងៗប៉ុណ្ណោះ តែការពិតទៅគេជាមនុស្សហ្មត់ចត់ មានការទទួលខុសត្រូវ មើលថែនាងបានល្អណាស់ សូម្បីតែរឿងតូចតាច។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជាពេញចិត្តនឹងគូនេះណាស់ ហើយគេក៏សង្ឃឹមថា អ្នកទាំងពីរអាចនឹងកាន់ដៃជាមួយគ្នាតទៅមុខទៀតកាន់តែយូរផងដែរ៕