រៀបការបានជិត ២ ខែ Son Ye Jin ទើបទម្លាយរូបថតដំបូង ធ្វើឱ្យអ្នកគាំទ្រឡើងរំភើប
ក្រោយពីទាក់ទងគ្នាបាន ២ឆ្នាំ គូស្នេហ៍តារាសម្ដែងកូរ៉េល្បី Hyun Bin និង Son Ye Jin ក៏បានក្លាយជាប្តី-ប្រពន្ធស្របច្បាប់រៀបការជាមួយនឹងគ្នា កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២។ ក៏ព្រោះតែអ្នកទាំងពីរគឺជាមនុស្សរបស់មហាជនទើបបានជាមនុស្សភាគច្រើនតែងចាប់អារម្មណ៍អំពីជីវិតឯកជនរបស់ពួកគេនៅលើបណ្តាញសង្គម។
ជាក់ស្ដែងនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ តារាស្រី Son Ye Jin បានអាប់ដេតនៅលើ Instagram របស់នាងជាលើកដំបូង បន្ទាប់ពីបានរៀបការជាមួយនឹងតារាប្រុស Hyun Bin បានរយៈពេលជិត ២ខែកន្លងមកនេះ។
នៅលើ Instagram របស់តារាស្រីរូបនេះ បានបង្ហោះរូបថតជួបជុំមិត្តភក្តិជិតស្និទ្ធគឺតារាស្រី Song Yoon Ah និងស្វាមីរបស់នាង។ អ្វីដែលពិសេសបំផុតនោះ គឺក្នុងរូបថតនោះ Son Ye Jin ត្រូវបានអ្នកគាំទ្រផ្តោតសំខាន់លើមនុស្សពាក់អាវពណ៌ស អង្គុយបែរខ្នងដាក់កាមេរ៉ា។
ដោយផ្អែកលើរូបរាងខ្ពស់ស្រឡះ មាឌមាំ ហើយធ្វើឱ្យអ្នកក្នុងបណ្តាញសង្គមស្មានឡើងភ្លាមថាបុរសម្នាក់នោះ គឺជាស្វាមីរបស់នាង Hyun Bin។ ហើយអ្នកគាំទ្រជឿថានេះគឺជារូបថតដំណើរកម្សាន្តរបស់ប្តី-ប្រពន្ធមួយគូនេះ នៅកោះ Jeju៕