មិនសសើរមិនបាន! វីដេអូសកម្មភាពពីក្រោយការផលិតអាល់ប៊ុមថ្មីរបស់ វណ្ណដា អ្នកគាំទ្រមើលហើយព្រឺសម្បុរខ្ញាក
វណ្ណដា ដែលគ្រប់គ្នាស្គាល់ថាជា Rapper ដ៏ល្បីប្រចាំប្រទេសកម្ពុជា បានធ្វើឱ្យមហាជនកោតសសើរស្ញប់ស្ញែងពីទេពកោសល្យ និង ភាពអំណត់ព្យាយាមរបស់លោក ដែលបានតស៊ូចាប់តាំងពីបាតដៃទទេ រហូតមានប្រជាប្រិយភាព និង មានការទទួលស្គាល់ពីមហាជនទាំងក្នុង និង ក្រៅប្រទេសមកដល់ឥឡូវនេះ។
យ៉ាងណាមិញ រំលងទៅជាង ១ ខែ ពោលគឺកាលពីខែមេសា អាល់ប៊ុមទី ១ របស់ វណ្ណដា ដែលមានឈ្មោះថា « SKULL I » ទើបតែបញ្ចប់ជាផ្លូវការ ក្នុងការប្រគំតន្ត្រីមួយរបស់លោក ដែលកាន់តែធ្វើឱ្យលោកកាន់តែមានសន្ទុះគាំទ្រខ្លាំងមួយកម្រិតទៀត។
ដោយឡែក នារាត្រីថ្ងៃទី ១៩ ខែឧសភា កន្លងទៅនេះ ផេក និង ឆានែលយូធូបផ្លូវការរបស់ វណ្ណដា បានទម្លាក់វីដេអូឯកសារថ្មីមួយរបស់ខ្លួន និង ក្រុមការងារបារមីទាំងអស់ពីដំណើរការ និង បញ្ហានានាក្នុងការបង្កើតអាល់ប៊ុមថ្មី ឬ អាល់ប៊ុម SKULL II ដែលមានចំណងជើងថា «SKULL 2 – Process and Problems | Documentary Episode 1» ។
ក្នុងវីដេអូឯកសារនោះបានបង្ហាញពីសកម្មភាពជាច្រើនរបស់ វណ្ណដា ព្រមទាំងផលិតករ និង តន្រី្តករជាច្រើន បានស្វះស្វែង ជ្រោមជ្រែងជួយ សម្រាប់អាល់ប៊ុមថ្មីនេះ។ មិនដូចអាល់ប៊ុម «SKULL I» ឡើយ ក្នុងវីដេអូនោះ វណ្ណដា ក៏បានបង្ហើបដែរថា អាល់ប៊ុម «SKULL II: រដូវកាលទី ១» នេះគឺគេត្រូវការ Producers បន្ថែមសម្រាប់ឱ្យអាល់ប៊ុមមួយនោះទៅបានដោយរលូន ដោយនិយាយថា ៖ «សម្រាប់ខ្ញុំផ្ទាល់ គំនិតខ្ញុំផ្ទាល់ ការងារម្នាក់ឯងក៏វាទៅរួចដែរ ទៅបាន flavor របស់យើង ប៉ុន្តែសម្រាប់អាល់ប៊ុម SKULL II ខ្ញុំគិតថា ខ្ញុំអត់អាចធ្វើម្នាក់ឯងទេ គឺខ្ញុំត្រូវការ producer មួយដែលបន្ថែម flavor នៅក្នុងហ្នឹង។ Like ពួកគាត់ ១០ នាក់ អ៊ីចឹងពួកគាត់អាចជា ២០% នៃ instrument មួយហ្នឹង មាន ២% សម្រាប់ ideas កន្លែងនេះៗ ដាក់ចូល។ អ៊ីចឹងខ្ញុំគិតថាមានពួកគាត់ គឺវាអាច complete like amazing សម្រាប់ instrument ផ្សេងៗ»។
បន្ថែមពីនេះទៀត សម្រាប់ទីតាំងដែល វណ្ណដា និង ក្រុមការងារបានចុះសម្រាប់ផលិតវិញ មិនមែនមានតែនៅ ខេត្តកែប នោះទេ ដោយលោកបាននិយាយថា ៖ «យើងមិនមែនមានតែមួយ location ទេ យើងមាន locations ច្រើនមែនទែន ដែលមានដូចជា ភ្នំពេញ យើងមាននៅច្បារអំពៅ យើងមាននៅវត្តភ្នំ យើងមាននៅបារមី»។
យ៉ាងណាមិញ សម្រាប់អាល់ប៊ុមថ្មី «SKULL II: រដូវកាលទី ១» នេះគឺត្រៀមនឹងចេញជាផ្លូវការនៅថ្ងៃទី ២០ ខែឧសភា នេះហើយ សូមរង់ចាំតាមដានទាំងអស់គ្នាថាអាល់ប៊ុមថ្មីនេះ អស្ចារ្យ ថ្មី និង ប្លែកជាង SKULL I ខ្លាំងប៉ុនណា៕
ទស្សនាវីដេអូ៖ SKULL 2 – Process and Problems | Documentary Episode 1