អូន Marin អាយុបាន ៨ ខែ Mew ទើបនាំទៅជួបមីងៗអ៊ំៗក្រុម Furby Gang ម្នាក់ៗក្នាញ់ខ្លាំង ដណ្តើមគ្នាពលាន់
គិតមកទល់ពេលនេះ អូន Marin ដែលជាកូនស្រីសំណព្វតែមួយរបស់តារាស្រី Mew Nittha និង Saint ជាស្វាមី មានអាយុជាង ៨ ខែទៅហើយ តែនាងនៅមិនទាន់បានយកកូនទៅបង្ហាញឱ្យក្រុម Furby Gang ដែលជាក្រុមមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនមានដូចជា Mint, Matt, Taew, Teoy បានឃើញមុខប្រឡែងលេងនៅឡើយទេ ព្រោះតែស្ថានការណ៍កូវីដ ក៏ដូចជាការងាររវល់រៀងៗខ្លួន។
ទើបតែកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកម្តាយរូបស្រស់ Mew ក៏ដូចជាប៉ាៗរូបសង្ហា Saint បានណាត់ក្រុម Furby Gang រួចយកកូនស្រីទៅជួបមុខជាលើកដំបូងនេះឯង ដែលគេឃើញមានវត្តមានរបស់ Mat និង សង្សារ Songkarn, Mint ជាមួយនឹង Phupha ចុងក្រោយគឺ Taew តែមិនមានវត្តមានរបស់ Toey នោះទេ។
ការណាត់ជួបនេះដែរ ត្រូវបានគេដឹងថា បានធ្វើឡើងនៅហាងអាហាររបស់ Taew ដែលរួមហ៊ុនជាមួយនឹង Pranai ជាសង្សារ ហើយគេសង្កេតឃើញថាបរិយាកាសក្នុងការជួបជុំនេះ ពិតជារីករាយអ៊ូអរមិនតិចឡើយ ដោយអ៊ំៗមីងៗគ្រប់គ្នាហាក់ក្នាញ់អូន Marin ខ្លាំងណាស់ ម្នាក់ៗសឹងតែដណ្តើមគ្នាពប្រឡែងលេង ឯអ្នកខ្លះទៀតក៏នាំគ្នាថតរូបក្មួយទុកស្ទើរពេញទូរស័ព្ទទៅហើយ មើលទៅពិតជាគួរឱ្យស្រឡាញ់ទាំងក្រុមតែម្តង។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជានឹកសរសើរ និង រំជួលចិត្តជាមួយនឹងមិត្តភាពរបស់ក្រុម Furby នេះណាស់ ហើយគេសង្ឃឹមថា អូន Marin នឹងមានសកម្មភាពគួរឱ្យស្រឡាញ់ច្រើនទៀតជាមួយនឹងមីងៗអ៊ំៗផងដែរ៕