Nun Sinitha បងស្រីបង្កើត Ploy លេចមុខទម្លាយទំនាក់ទំនងជាមួយប្អូន ក្រោយបាត់មុខពីសិល្បៈអស់ ៨ ឆ្នាំ
គិតៗទៅតារាស្រី Nun Sinitha ដែលជាបងស្រីបង្កើតរបស់តារាស្រី Ploy Cherman បានបាត់មុខពីសិល្បៈអស់ជាង ៨ ឆ្នាំទៅហើយ តែថ្មីៗនេះនាងក៏បានលេចមុខមកវិញក្នុងកម្មវិធីសម្ភាសមួយ ដោយបានទម្លាយរឿងរ៉ាវជាច្រើនរបស់ខ្លួន ជាពិសេសទំនាក់ទំនងជាមួយប្អូនស្រី ដែលធ្លាប់តែផ្ទុះចចាមអារ៉ាមថាមិនត្រូវគ្នាកន្លងមកនោះ។
Nun Sinitha បានឱ្យដឹងដូច្នេះថា នាង និង Ploy ជាប្អូនស្រីមិនបានឈ្លោះទាស់ទែងគ្នាអ្វីនោះទេ តែគ្រាន់តែមិនសូវស្និទ្ធប៉ុណ្ណោះ នាងនៅមានភាពក្រែងចិត្ត និង ការគោរពឱ្យគ្នាទៅវិញទៅមក រឿងផ្ទាល់ខ្លួនខ្លះនាងមិនបានលូកដៃដូចបងប្អូនគេដទៃឡើយ។
អាចនិយាយបានថាបែបនេះ ក៏ព្រោះតែនាងមិនបាននៅជាមួយគ្នាកាលពីក្មេង មិនបានធំឡើងជាមួយគ្នា ដោយនាងជាក្មេងតាមខេត្តនៅជាមួយយាយខាងឪពុក ចូលចិត្តធម្មជាតិ ចំណែក Ploy ជាក្មេងទីក្រុងនៅជាមួយយាយខាងម្តាយ ចូលចិត្តភាពស៊ីវិល័យ និង ការតុបតែងខ្លួនជាង។
ម្យ៉ាងទៀត ពេលបានមកនៅជាមួយគ្នា នាងក៏មិនសូវបានជួបមុខគ្នាទៀត នាងរវល់ខ្លាំងជាមួយនឹងសិល្បៈ ពេលមកផ្ទះចូលគេង ងើបមក Ploy ក៏ទៅរៀនបាត់ ទើបធ្វើឱ្យនាងមិនសូវមានពេលវេលាជាមួយគ្នាឡើយ។ លើសពីនេះទៀត នាងបានឱ្យដឹងថា នាងសប្បាយចិត្តណាស់ ដែលប្អូនស្រីល្បីជាងខ្លួន តែល្បីជាងក៏បានន័យថាត្រូវធ្វើការធ្ងន់ជាង ហើយក៏ត្រូវប្រទះភាពតប់ប្រមល់ខ្លាំងដែរ ព្រោះត្រូវតទល់នឹងពាក្យរិះគន់ជាច្រើន មិនប្រាកដថាល្បីហើយមានក្តីសុខនោះទេ៕