(វីដេអូ) ពូឃ្លាំង ទម្លាយអារម្មណ៍រំភើបអរដូចត្រូវឆ្នោត ក្រោយបាត់មុខរាប់ឆ្នាំនៅតែផ្ទុះការគាំទ្រខ្លាំងពេលចេញបទថ្មី
ពិតណាស់ បើនិយាយពីតារាចម្រៀងរ៉េបរៀមច្បង ពូឃ្លាំង ក្រោយពីបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំ ស្រាប់តែដើមឆ្នាំ ២០២២ នេះ ក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង ដែលបានឃើញលោកបង្ហាញវត្តមានជាថ្មីក្នុងវិស័យសិល្បៈវិញ ដោយចាប់ផ្ដើមត្រៀមចេញ Album បទចម្រៀងជាបន្តបន្ទាប់ ដើម្បីស្វាគមន៍ការវិលត្រឡប់របស់ខ្លួនមកកាន់សិល្បៈចម្រៀងជាថ្មីម្ដងទៀត។
ជាក់ស្ដែង មួយរយៈកន្លងទៅ គេក៏បានឃើញ ពូឃ្លាំង បានចាប់ដៃគ្នាជាមួយនឹងតារាចម្រៀងស្រី សំណាង សូរិយា បញ្ចេញស្នាដៃបទចម្រៀងថ្មីមួយ គឺបទ «គ្រលាស់» កំពុងអង្រួនចិត្តមហាជនជាច្រើនគាំទ្របទថ្មីនេះខ្លាំង ដែលឃើញផ្ទុះការចែករំលែកពេញបណ្ដាញសង្គមទាំង TikTok និង ហ្វេសប៊ុកផងដែរ។
ដោយឡែក ថ្មីៗនេះ ពូឃ្លាំង ក៏បានបញ្ចេញ MV បទចម្រៀងថ្មីមួយ គឺបទ «3some» ដែលជាស្នាដៃ MV ដំបូងក្នុងការវិលត្រឡប់មកវិញរបស់លោក។ ខណៈពេលបញ្ចេញ MV ដំបូងនេះដែរ ឃើញថាពិតជាផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជន ដែលរហូតធ្វើឱ្យ ពូឃ្លាំង ចេញវីដេអូនិយាយទម្លាយពីអារម្មណ៍របស់ខ្លួន ដែលមានសេចក្ដីរំភើបអរប្រៀបដូចត្រូវឆ្នោត ពេលឃើញមហាជននៅតែស្រឡាញ់គាំទ្រលោកខ្លាំងបែបនេះ។
ក្នុងវីដេអូនោះ ពូឃ្លាំង បាននិយាយរៀបរាប់ថា ៖ «មានអារម្មណ៍ដូចត្រូវឆ្នោត នៅក្នុងអារម្មណ៍ក្ដុកក្ដួលបាញ់ដូចកាំជ្រួចអ៊ីចឹង ពេលដែលវាផ្ទុះមានអារម្មណ៍ថា Wow ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយខ្ញុំអរគុណបងប្អូនដែលនៅតែស្គាល់ខ្ញុំ។ ភ្ញាក់ឡើងមកមានគេផុសឱ្យទៀត មានគេចូលចិត្ត មានអារម្មណ៍ថាដូចភ្ញាក់មកពីយល់សប្តដូចត្រូវឆ្នោតអ៊ីចឹង អរៗខ្លាំង អារម្មណ៍ខ្ញុំបើសិនគិតឱ្យដល់ទៅដូចខ្ញុំនៅលើឆាកគេញញឹមដាក់ខ្ញុំ ខ្ញុំញញឹមដាក់គេវិញ ទោះខ្ញុំដើរលើដីក៏ដោយតែអារម្មណ៍ខ្ញុំនៅលើឆាក»៕
សូមទស្សនាវីដេអូខាងក្រោម៖