Tono និង Nycha ដឹកដៃគ្នាទៅធ្វើរឿងផ្អែមល្ហែមទាំងកណ្តាលយប់ ហ្វេនៗឃើញហើយអៀនជំនួស
តាំងពីទាក់ទងគ្នាជាគូសង្សារមក Tono និង Nycha តែងតែបង្អួតសកម្មភាពផ្អែមល្ហែមរបស់ខ្លួនទៅកាន់មហាជនអ្នកគាំទ្រមិនដាច់ឡើយ អ្នកទាំងពីរស្ទើរតែខ្លួនស្អិតជាប់គ្នាហើយ ទៅណាមកណាក៏បណ្តើរគ្នាយ៉ាងត្រសង ធ្វើឱ្យមហាជនកាន់តែស្រឡាញ់ពួកគេទាំងពីរតែម្តង។
ជាក់ស្តែង កាលពីពេលថ្មីៗ ប្រុសស្អាត Tono ក៏ទើបតែបានទម្លាយពីសកម្មភាពផ្អែមល្ហែមមួយទៀតឱ្យមហាជននៅតាមបណ្តាញសង្គមបានឃើញផងដែរ ដោយលោកបានបង្ហោះវីដេអូមួយ ដែលបង្ហាញឱ្យឃើញរូបលោក កំពុងតែជិះឡានដឹកសង្សារស្រីសំណព្វចិត្ត Nycha ដើរលេងស្រូបខ្យល់អាកាសជាមួយគ្នាទាំងកណ្តាលយប់ ព្រមជាមួយនឹងទឹកមុខញញឹមញញែមទាំងគូ ប្រកបដោយភាពរីករាយយ៉ាងគួរឱ្យច្រណែន។
យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យហ្វេនៗកាន់តែរមិតរមួលទៀតនោះ គឺជាមួយនឹងការផុសវីដេអូនេះ Tono ក៏បានទាំងបង្ហើរ Caption យ៉ាងខ្លីតែមានន័យដូច្នេះថែមទៀតថា « ក្តីសុខ » ហើយចំណែក Nycha ក៏បានចូលមកបញ្ចេញចំណាប់អារម្មណ៍ ដាក់ជារូបបេះដូងពណ៌ក្រហមមួយទៀតផង។
សកម្មភាពនេះ ធ្វើឱ្យមហាជនសរសើរព្រាតតែម្តង ព្រោះមើលទៅជាការចេញដើរលេងជាមួយគ្នាធម្មតាៗ តែវាអាចនិយាយបានថា គួរឱ្យស្រឡាញ់ណាស់សម្រាប់គូស្នេហ៍មួយគូនេះ៕