ដួង ម៉ានិច ដកលុយពីការឡាយលក់ ២ លានរៀល ចូលបុណ្យសពឪពុកម្ដាយ សុវត្ថិឌី ធារិកា
ការលាចាកលោករបស់ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា កើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ក្លាយជាដំណឹងដ៏សោកសង្រែងបំផុតសម្រាប់សិល្បករ សិល្បការិនី ក៏ដូចជាមហាជនអ្នកលេងបណ្ដាញសង្គមទូទៅ ដោយម្នាក់មានចិត្តអាណិតអាសូរចំពោះ ធារិកា ជាខ្លាំងដែលត្រូវបាត់បង់អ្នកមានគុណជាទីគោរពស្រឡាញ់ម្ដងទាំងពីរនាក់ក្នុងពេលមួយប៉ប្រិចភ្នែក។
យ៉ាងណានៅយប់ថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២២ ដែលជាថ្ងៃកើតហេតុនោះ ធារិកា ក៏បានដឹកសាកសពឪពុកម្ដាយមកតម្ពល់នៅវត្តស្ទឹងមានជ័យ ក្រោមការជួយជ្រោមជ្រែងយ៉ាងស្រុះដៃគ្នាពីសំណាក់រៀមច្បងក្នុងសិល្បៈ ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណី។
ក្នុងនោះ ដួង ម៉ានិច ក៏បានចូលរួមរំលែកទុក្ខ សុវត្ថិឌី ធារិកា តាមរយៈការឡាយលក់ផលិតផលតាមអនឡាញ និង ដាក់ចំណងជើងក្នុងន័យយកប្រាក់ចំណេញចូលបុណ្យឪពុកម្ដាយ ធារិកា តែទង្វើនេះបានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមមួយចំនួនផ្ទុះការរិះគន់មិនពេញចិត្តថា ដួង ម៉ានិច ឆ្លៀតឱកាសចង់ល្បី យកទុក្ខសោករបស់អ្នកដទៃមករកស៊ី តែក៏មានមហាជនមួយចំនួនយល់ថាទង្វើរបស់តារាស្រីរូបនេះ គឺគ្រាន់តែជាការជួយដល់អ្នកសិល្បៈដូចគ្នាប៉ុណ្ណោះ។
ក្រោយផ្ទុះការវែកញែកដោយមានទាំងការរិះគន់ និង សរសើរ នៅយប់ថ្ងៃទី ១៧ ឧសភា ដដែល ដួង ម៉ានិច បានយកប្រាក់ផ្ទាល់ខ្លួនពីការលក់ដូរឥវ៉ាន់នៅលើអនឡាញចំនួន ២ លានរៀលចូលបុណ្យសព ក៏ដូចជាចូលរួមរំលែកទុក្ខដល់គ្រួសារសព ព្រមទាំងបកស្រាយថា នាងមិនមានបំណងចង់តោងរឿងនេះដើម្បីល្បី ឬដើម្បីលក់ដាច់ទេ តែមកពីការចង់ជួយ ធារិកា ពេក ព្រោះនាងជាអ្នកសិល្បៈដូចគ្នា ដូច្នេះក៏យល់ច្បាស់ពីស្ថានភាពអ្នកសិល្បៈដូចគ្នា។ លើសពីនេះ ដួង ម៉ានិច ក៏បានលើកឡើងទៀតថា បើបងប្អូនមិនអាចជួយអ្វីបានទេ សូមកុំជាន់នាងបន្ថែមអី៕