ស្រណោះណាស់! នេះជារូបថត និង ស្នាមញញឹមចុងក្រោយជុំគ្នា មុនការចាកចេញរបស់ឪពុកម្តាយ សុវត្ថិឌី ធារិកា
នៅយប់ថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ សពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានដឹកមកដល់វត្តស្ទឹងមានជ័យ រាជធានីភ្នំពេញហើយ ដើម្បីរៀបចំបុណ្យសពតាមប្រពៃណី ដែលក្នុងនោះគេឃើញមានសិល្បករ សិល្បការិនីជាច្រើន បានរង់ចាំទទួលសាកសពនៅវត្ត ក៏ដូចជាចាំជួយចាត់ចែកពិធីបុណ្យ ដើម្បីផ្ដល់ភាពកក់ក្ដៅឱ្យ ធារិកា និង គ្រួសារ។
ងាកទៅទិដ្ឋភាពដឹកសាកសពមកដល់វត្តស្ទឹងមានជ័យវិញ គឺមានសភាពស្រណោះស្រណោកជាពន់ពេក ចំណែកឯ ធារិកា យំរហូតទន់ខ្លួនខ្សោះទឹកភ្នែកឃើញហើយសង្វេគបំផុត ព្រោះក្នុងពេលត្រឹមមួយប៉ប្រិចភ្នែកសោះ នាងត្រូវប្រឈមមុខនឹងការបាត់បង់ដ៏ធំធេងបំផុតក្នុងជីវិត ប្រៀបដូចជាពិភពលោកទាំងមូលបានផ្លាស់ប្ដូរ។ រឿងដែលមហាជនកាន់តែអាណិតរកពាក្យនិយាយមិនចេញ ពេលឃើញទិដ្ឋភាព ធារិកា យំឱបសិល្បកររៀមច្បងទាំងគ្មានកម្លាំងកំហែងក្នុងខ្លួន យំឡើងខ្សោះទឹកភ្នែក រៀបរាប់ទាំងឈឺចាប់គ្មានអ្វីប្រៀបបាន។
យ៉ាងណាមិញ មុនពេលកើតហេតុនេះឡើង បើតាមសម្តីតារាចម្រៀង សុវត្ថិឌី ធារិកា បាននិយាយក្នុងឡាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា យប់មិញទាំងទឹកភ្នែកនោះ នាងបាននិយាយថា មុនម្តាយនាងមានរឿងនេះ គឺម្តាយនាងបានហៅខ្លួន និង គ្រួសារថតរូបជុំគ្នា ហើយថែមទាំងបានមូរសក់ឱ្យនាងទៀត។ ជាមួយគ្នានោះដែរ បើងាកទៅមើលគណនីហ្វេសប៊ុក អ៊ាម វន្នី វិញ គេក៏បានឃើញការបង្ហោះរូបជុំគ្នារបស់គ្រួសារតារាចម្រៀង សុវត្ថិឌី ធារិកា ផងដែរ មុនពេលឪពុកម្តាយតារាចម្រៀងរូបនេះ ជួបហេតុការណ៍គ្រោះថ្នាក់ដល់បាត់បង់ជីវិតនោះ។
តាមរយៈរូបភាពមួយសន្លឹកនេះដែរ បានធ្វើឱ្យមហាជន និង អ្នកគាំទ្រ ព្រមទាំងមិត្តក្នុងសិល្បៈយ៉ាងច្រើននឹកស្រណោះស្រណោកឥតឧបមា ដោយមិនគួរណាត្រឹមរយៈពេលមួយប៉ប្រិចភ្នែកសោះ អ្នកមានគុណទាំងពីររបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានចាកចោលនាង និង ប្អូនប្រុសគ្មានត្រឡប់ដូច្នេះ៕