សោកសៅបំផុត! សិល្បករជាច្រើន ចូលរួមផ្ញើសាររំលែកទុក្ខ ក្រោយទទួលដំណឹង សុវត្ថិឌី ធារិកា បាត់បង់ឪពុកម្ដាយ
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅខេត្តព្រះវិហារ ដែលបណ្ដាលឱ្យឪពុកម្ដាយតារាចម្រៀងរូបនេះ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់។
ដំណឹងដ៏គួរឱ្យរន្ធត់ និង ក្រៀមក្រំបំផុតនេះ ត្រូវបានលោក អ៊ាម វន្នី បង្ហោះចែករំលែកនៅលើបណ្ដាញសង្គម ព្រមទាំងរៀបរាប់ទាំងសោកស្ដាយជាពន់ពេលថា ៖ «ឪពុក និង ម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និង យាយ ផុតគ្រោះថ្នាក់ បងសោកស្តាយការបាត់បងនេះណាស់»។
ក្រោយទទួលបានដំណឹងដ៏សែនសោកសៅនេះ គេឃើញមានបណ្ដាអ្នកសិល្បៈជាច្រើន ក៏ដូចជាអ្នកលេងហ្វេសប៊ុក បានចូលរួមរំលែកទុក្ខដល់ សុវត្ថិឌី ធារិកា ព្រោងព្រាត ព្រោះថាត្រឹមមួយប៉ប្រិចភ្នែកនាងបានបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទី ២ នាក់។ ក្នុងនោះរួមមាន៖
១. លោក ម៉ៅ ហាជី
សម្រាប់លោក ម៉ៅ ហាជី បានបង្ហាញសាររំលែកទុក្ខថា ៖ «ពុទ្ធោអើយ ពូមីង ខ្ញុំទើបតែជួបថ្ងៃមុនសោះ»។
២. អ្នកនាង ខាត់ សុឃីម
សម្រាប់តារាស្រីរូបនេះបានសរសេរសាររំលែកទុក្ខថា ៖ «ពុទ្ធោ! ប្អូនស្រី Sovathdy Thearyka អើយបងចូលរួមសោកស្តាយផង ឪពុក និង ម្តាយរបស់ សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និង យាយផុតគ្រោះថ្នាក់»។
៣. អ្នកនាង ចន ច័ន្ទលក្ខិណា
ក្រោយពីដឹងដំណឹងដ៏សោកសៅនេះភ្លាម តារាស្រីរូបនេះបានសរសេរសាររំលែកទុក្ខថា ៖ «លោកអើយលោក បងស្លុតចិត្តណាស់អូនកាអើយ ម៉ាក់ប៉ាអូនស្លូតណាស់ Sovathdy Thearyka បងសូមចូលរួមរំលែកទុក្ខដល់ប្អូនស្រី សុវត្តិឌី ធារិកា ផង។ មុននេះគ្រួសារគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅខេត្តព្រះវិហារ ពេលនេះលោកប៉ា អ្នកម៉ាក់របស់គាត់បានបាត់បង់ជីវិតហើយ មិនដឹងគ្នាវិលវល់យ៉ាងណាទេ រឹងមាំណាអូន» ។
៤. តារាចម្រៀងស្រី ស៊ូ ស៊ីរីកា
សម្រាប់តារាស្រី ស៊ូ ស៊ីរីកា បានសរសេរសាររំលែកទុក្ខថា ៖ «រឹងមាំឡើងប្អូនស្រី Sovathdy Thearyka»។
៥. តារាចម្រៀងស្រី អេន ដា
តារាស្រី អេន ដា បានសរសេរថារំលែកទុក្ខថា ៖ «ពុទ្ធោអេីយ… បងសូមចូលរួមសោកស្តាយ និង រំលែកទុក្ខផងអូន Sovathdy Thearyka»។
៦. តារាចម្រៀង លោក ជ័យ សង្វាត
មិនខុសអ្វីពីតារាអ្នកសិល្បៈដទៃ ក្រោយពីឮដំណឹង តារាប្រុសរូបនេះក៏បានសរសេរសាររំលែកទុក្ខផងដែរថា ៖ «ប្អូនបងអើយ បងស្លុតចិត្តណាស់ Sovathdy Thearyka រឹងមាំឡើងបងជឿថាប្អូនធ្វើបាន»។
៧. តារាចម្រៀងស្រី វី ឌីណែត
បន្ទាប់ពីបានដំណឹងពីការបាត់បង់ឪពុកម្ដាយរបស់តារាស្រី សុវត្ថិឌី ធីរិកា តារាស្រីរូបនេះក៏បានសរសេរថារំលែកទុក្ខផងដែរថា ៖ «ប្អូនបងអើយ បងស្លុតចិត្តណាស់ Sovathdy Thearyka រឹងមាំឡើងបងជឿថាប្អូនធ្វើបាន»។