លី ម៉ារីណា តបផាំងទាំងក្ដៅចិត្ត រឿងប្ដីបដិសេធមិនបានលួចទ្រព្យសម្បត្តិរត់
កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកស្ថិតក្នុងចង្កោមសិល្បៈ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាសម្ដែងស្រីដ៏ល្បីល្បាញ អ្នកនាង លី ម៉ារីណា បានប្រកាសក្ដែងៗនៅលើបណ្ដាញសង្គម រៀបរាប់ពីអតីតប្ដីឈ្មោះ សាត ចាន់ថន បានលួចយកគ្រឿងអលង្ការ ទ្រព្យសម្បត្តិ និង លុយមួយចំនួនទៅបាត់ស្រមោល ធ្វើឱ្យនាងរស់នៅលំបាកគ្មានកម្លាំងចិត្ត និង ដើមទុនក្នុងការរកស៊ីចិញ្ចឹមកូនបន្ត។
ដោយឡែកស្រាប់តែរំលងមិនបានប៉ុន្មានថ្ងៃ ពោលគឺនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ អតីតប្ដីអ្នកនាង លី ម៉ារីណា ប្រើគណនីហ្វេសប៊ុកឈ្មោះ Chanthan Sath បានបង្ហោះលិខិតបដិសេធចំពោះការចោទប្រកាន់របស់អ្នកនាង លី ម៉ារីណា ថាមិនមែនជាការពិតនោះទេ ក្នុងនោះ លោក សាត ចាន់ថន ថែមទាំងនៅហៅតារាសម្ដែងស្រីខាងលើ គឺជាប្រពន្ធជាទីស្រឡាញ់ពេញៗមាត់ថែមទៀតផង។
ក្នុងលិខិតនោះ លោក សាត ចាន់ថន បានបដិសេធទាំងស្រុងចំពោះការបង្ហោះរបស់អ្នកនាង លី ម៉ារីណា ថា លោកក្នុងនាមជាប្ដីមិនដែលយកទ្រព្យសម្បត្តិ គ្រឿងអលង្ការ ដូចការចោទប្រកាសពីអតីតភរិយាឡើយ លើសពីនេះ លោកថែមទាំងលើកឡើងថា អ្នកនាង លី ម៉ារីណា បានសុំលោកលែងលះទាំងលោកមិនដឹងពីមូលហេតុទៀតផង។
រឿងរ៉ាវប្ដីប្រពន្ធមួយគូនេះនៅតែក្ដៅគគុក ក្រោយស្វាមីបដិសេធ អ្នកនាង លី ម៉ារីណា ស្រាប់តែឆ្លើយតបទៅវិញភ្លាមៗមិនចាំស្អែកថា ៖ «លោក សាត ចាន់ថន ទោះលោកមិនចេះខ្មាសកូន ក៏លោកត្រូវចេះឆ្លុះកញ្ចក់ខ្មាសខ្លួនឯងផង មិត្តភក្តិ បងប្អូនអ្នកណាក៏គេដឹងឮហើយថា លោកបានលួចរបស់ខ្ញុំហើយរត់បាត់ ហើយខ្ញុំក៏ទុកពេលឱ្យលោកច្រើនខែហើយដែរ ដើម្បីឱ្យលោកយករបស់ខ្ញុំមកវិញ តែលោកបែរជាមិនព្រមយកមកឱ្យខ្ញុំទេ ឥលូវបែរជាហ៊ានប្រកាសបដិសេធដោយមិនខ្មាសខ្លួនឯង ដូចពាក្យចាស់ពោលមិនខុសមែន ចោរវាមិនដែលសារភាពថាវាចោរទេ! សូមប្រគល់របស់ឱ្យមកខ្ញុំវិញមក វាជាកម្លាំងញើសឈាមខ្ញុំ លោកគួរតែដឹងហើយថា លោកបានយកមិនយក មានតែលោកទេដែលដឹងខ្លួនឯងច្បាស់»៕