ស្រីកែវ បង្ហាញអារម្មណ៍សោកសៅទាំងនេះឡើង ក្រោយចូលប្រឡងហើយត្រូវមហាជនប្រមា.ថ មាក់.ងាយធ្ងន់ៗ
កាលពីរាត្រីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ប្រិយមិត្តប្រាកដជាបានទស្សនារួចមកហើយពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition សប្តាហ៍ទី ២ ជាមួយនឹងការបង្ហាញចេញនូវបេក្ខជនជាច្រើនរូប។
ក្នុងសប្តាហ៍ទី ២ នោះដែរ គេបានកត់សម្គាល់ឃើញមានបេក្ខជនជាច្រើនបានចូលបង្ហាញសមត្ថភាព ដោយក្នុងនោះខ្លះក៏ទទួលបានលទ្ធផលល្អគាប់ប្រសើរ និង ខ្លះក៏មិនបានគាប់ប្រសើរ។ បើងាកទៅមើលបេក្ខជនម្នាក់មានឈ្មោះ ជួប ស្រីកែវ ក៏បានបង្ហាញសមត្ថភាពច្រៀងរបស់ខ្លួនផងដែរក្នុងសប្តាហ៍នោះ តែយ៉ាងណា ស្រីកែវ ពុំបានទទួលលទ្ធផលល្អទេពីការបង្ហាញសមត្ថភាពច្រៀងនៅលើកនេះ ដោយនាងទទួលបាន Yes តែពីរប៉ុណ្ណោះក្នុងចំណោមគណៈកម្មការទាំង ៤ រូប ព្រោះបើតាមតាមគណៈកម្មការបានលើកឡើងថា ស្រីកែវ នៅមានចំណុចខ្វះខាតមួយចំនួន។
យ៉ាងណាមិញ អ្វីដែលមហាជនបានចាប់អារម្មណ៍ចំពោះបេក្ខជន ស្រីកែវ នោះគឺភាពកម្សត់របស់នាង ដោយនាងបែរជាបានទទួលរងការរិះគន់វាយប្រហារលើរូបសម្បត្តិ ពិសេសគឺរូបរាងតែម្តង ទាំងមុនចូលប្រឡង និង ពេលកំពុងប្រឡង ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនតូច រហូតធ្វើឱ្យនាងសឹងបាក់ស្បាតនឹងពាក្យទាំងនោះ។
ក្រោយទទួលបានការ Bully ទាំងអស់នោះរួច ពេលនេះបេក្ខជន ជួប ស្រីកែវ ស្រាប់តែបានបញ្ចេញអារម្មណ៍ខ្លួនយ៉ាងចាក់ដោតលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈគណនីរបស់ខ្លួនថា ៖ «ខ្ញុំចង់ធ្វើការអរគុណដល់រូបរាងមួយនេះ ដែលស្ថិតនៅជាមួយខ្ញុំ ២០ ឆ្នាំ+មកហើយ ដែរត្រូវទទួលរងការប្រមាថ វាយប្រហារ ព្យុះភ្លៀង សម្ពាធផ្លូវកាយ & ផ្លូវចិត្តរកអ្វីមកនិយាយមិនចេញ។ ពេលខ្លះសើចទៅជាមួយគេដើម្បីកុំឱ្យគេគិតថាយើងប្រកាន់ច្រើន ទាំងក្នុងចិត្តចង់ប្រាប់គេថាខ្ញុំមិនចូលចិត្តទេ ខ្ញុំអន់ចិត្ត ខ្ញុំខូចចិត្ត តែក៏ខំខាំមាត់នៅក្នុងចិត្តមកវិញថា អត់អីទេ តិចទៀតទៅគេស៊ាំនឹងរូបរាងយើងហើយ ខ្ញុំទៅប្រឡងនេះខ្ញុំបានត្រៀមចិត្តរួចហើយសម្រាប់ពាក្យរិះគន់ តែមិននឹកស្មានថាពាក្យខ្លះគ្រាន់តែឃើញហើយខ្ញុំយំតែម្ដង។ អរគុណបងប្អូនដែរលើកទឹកចិត្តប្អូន អរគុណសម្រាប់ពាក្យល្អៗ។ ពេលខ្ញុំឡើងប្រឡងហើយ ធ្វើឱ្យខ្ញុំឃើញសង្គមនេះកាន់តែច្បាស់ ថាយើងគ្រាន់តែធាត់ក៏ខ្ញុំខុសដែរ»៕