អតីតស្វាមី លី ម៉ារីណា បដិសេធរឿងលួចទ្រព្យសម្បត្តិ និង ឆ្លៀតទម្លាយរឿងប្រពន្ធសុំលែង
កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកស្ថិតក្នុងចង្កោមសិល្បៈ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាសម្ដែងស្រីដ៏ល្បីល្បាញ អ្នកនាង លី ម៉ារីណា បានប្រកាសក្ដែងៗនៅលើបណ្ដាញសង្គម រៀបរាប់ពីអតីតប្ដីឈ្មោះ សាត ចាន់ថន បានលួចយកគ្រឿងអលង្ការ ទ្រព្យសម្បត្តិ និង លុយមួយចំនួនទៅបាត់ស្រមោល ធ្វើឱ្យនាងរស់នៅលំបាកគ្មានកម្លាំងចិត្ត និង ដើមទុនក្នុងការរកស៊ីចិញ្ចឹមកូនបន្ត។
ដោយឡែកស្រាប់តែរំលងមិនបានប៉ុន្មានថ្ងៃ ពោលគឺនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ អតីតប្ដីអ្នកនាង លី ម៉ារីណា ប្រើគណនីហ្វេសប៊ុកឈ្មោះ Chanthan Sath បានបង្ហោះលិខិតបដិសេធចំពោះការចោទប្រកាន់របស់អ្នកនាង លី ម៉ារីណា ថាមិនមែនជាការពិតនោះទេ ក្នុងនោះ លោក សាត ចាន់ថន ថែមទាំងនៅហៅតារាសម្ដែងស្រីខាងលើ គឺជាប្រពន្ធជាទីស្រឡាញ់ពេញៗមាត់ថែមទៀតផង។
ក្នុងលិខិតនោះ លោក សាត ចាន់ថន បានបដិសេធទាំងស្រុងចំពោះការបង្ហោះរបស់អ្នកនាង លី ម៉ារីណា ថា លោកក្នុងនាមជាប្ដីមិនដែលយកទ្រព្យសម្បត្តិ គ្រឿងអលង្ការ ដូចការចោទប្រកាសពីអតីតភរិយាឡើយ លើសពីនេះ លោកថែមទាំងលើកឡើងថា អ្នកនាង លី ម៉ារីណា បានសុំលោកលែងលះទាំងលោកមិនដឹងពីមូលហេតុទៀតផង។ សូមអានលិខិតបដិសេធលម្អិតរបស់លោក សាត ចាន់ថន៖