(វីដេអូ) Kem ធ្លាយមាត់បែបនេះ ក្រោយពីបានសម្ដែងជាមួយកំពូលតារាថៃ Aum និង Tik លើកដំបូង
ប្រិយមិត្តពិតបានដឹងហើយថា លោក Kem Hussawee គឺជាតារាប្រុសពន្លកថ្មីម្នាក់ដែលទើបតែចូលសម្ដែងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ។ ជាការពិត ទោះបីជាតារាពន្លកថ្មីមែនតែ គេសង្កេតឃើញតារាប្រុសរូបសង្ហា Kem កំពុងតែទទួលបានការចាប់អារម្មណ៍ និង គាំទ្រខ្លាំងពីសំណាក់មហាជនក្នុង និង ក្រៅស្រុក។
ប្រឡូកចូលក្នុងសិល្បៈមករយៈពេល ៦ ឆ្នាំ តារាប្រុស Kem បានសាងកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពរបស់ខ្លួនយ៉ាងខ្ទរខ្ទារពេញប្រទេសរហូតផ្ទុះការសរសើរជារឿយៗ។ តារាប្រុសរូបសង្ហា Kem មានដើមកំណើតចេញពីខេត្តប៊ឹងកាន ពេលនេះបានប្រឹងវិវត្តន៍ខ្លួន និង ពង្រឹងសមត្ថភាពផ្នែកសិល្បៈរហូតក្លាយ Superstar មួយរូបប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ។
ដោយឡែកថ្មីៗនេះ តារាប្រុស Kem ក៏ក្ដាប់បានឱកាសចូលសម្តែងជាមួយនឹងកំពូល Super Star លំដាប់ប្រទេសថៃ គឺតារាស្រី Aum Patchrapa និង កំពូលតារាសម្ដែងប្រុស Tik Jesadaporn ក្នុងរឿងថ្មីមានចំណងជើងថា ลมพัดผ่านดาว មានន័យជាភាសាខ្មែរថា ខ្យល់បក់កាត់តារា ដែលជារឿងមួយប៉ះគ្នាជាលើកដំបូងរបស់តារាទាំង ៣ ដួងនេះ។
ជាមួយនឹងការបានសម្តែងប៉ះគ្នាលើដំបូងជាមួយរៀមច្បងសិល្បៈ សម្រាប់ Kem ដែលជាតារាពន្លកថ្មីបានសម្ដែងអារម្មណ៍រីករាយខ្លាំង ក្នុងនោះលោកក៏បានបង្ហោះវីដេអូមួយដោយនិយាយថា ៖ «លោកពិតជាសប្បាយរីករាយជាខ្លាំងដែលមានឱកាសបានសម្ដែងជាមួយតារាសម្ដែងស្រី Aum និង តារាសម្ដែងប្រុស Tik ហើយលោកសន្យាថានឹងប្រឹងឱ្យអស់ពីសមត្ថភាព និង ព្យាយាមស្រាវជ្រាវបន្ថែមដើម្បីសម្ដែងឱ្យបានល្អ។ ដូចគ្នានោះលោកក៏បានសុំផ្ញើខ្លួនផ្ញើប្រាណជាមួយកំពូលតារាសម្ដែងទាំងពីរផងដែរ»។
ដោយឡែក ងាកទៅមើលអ្នកគាំទ្រឯណោះវិញ ម្នាក់ៗ ហាក់សម្ដែងការកោតសរសើរខ្លាំងណាស់សម្រាប់ Kem ព្រោះថាជាតារាពន្លកថ្មី ចូលសិល្បៈទើបតែបាន ៦ ឆ្នាំ តែសមត្ថភាពគឺថាមិនឱ្យមហាជនខកចិត្តនោះឡើយ៕