សឿ សុធារ៉ា បកស្រាយផាំង ក្រោយមហាជនផ្ទុះការសង្ស័យពីទំនាក់ទំនងនឹង ដួង វីរៈសិទ្ធ
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកហាក់ផ្ទុះការចាប់អារម្មណ៍ទៅលើសកម្មភាពតារាសម្ដែងស្រីដ៏ល្បី អ្នកនាង សឿ សុធារ៉ា ថាមានទំនាក់ទំនងពិសេសជាមួយនឹងតារាចម្រៀងវ័យក្មេង ដួង វីរៈសិទ្ធ បន្ទាប់ពីតារាស្រីរូបនេះ បង្ហោះសារប្លែកៗនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ហើយមិនតែប៉ុណ្ណោះអ្នកនាងថែមទាំងតាំងរូប ដួង វីរៈសិទ្ធ នៅលើទូរស័ព្ទទៀតផង។
ដោយមានមតិជជែកវែកញែកជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយមានអ្នកគាំទ្រមួយចំនួនហាក់សង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរ ស្រាប់តែអ្នកនាង សឿ សុធារ៉ា បានចេញមុខបង្ហោះសារបកស្រាយច្បាស់ៗពីទំនាក់ទំនងរវាងពួកគេថា នាងចាត់ទុក ដួង វីរៈសិទ្ធ គឺជាប្អូនប្រុសម្នាក់ប៉ុណ្ណោះ ព្រោះអ្នកនាងពេញចិត្តនឹងទេពកោសល្យសិល្បៈរបស់តារាប្រុសរូបនេះ។
ក្នុងនោះ សឿ សុធារ៉ា ក៏បានសុំទោសដល់ ដួង វីរៈសិទ្ធ ចំពោះរឿងរ៉ាវយល់ច្រឡំទាំងឡាយ ថែមទាំងបញ្ជាក់ច្បាស់ៗថា ៖ «នាងខ្ញុំសូមផ្ញើសំណេរនេះជូនទៅប្អូនប្រុស ដួង វីរៈសិទ្ធ ឱ្យបងសុំទោសផងប្អូន បងគ្រាន់តែនិយាយលេងក្នុងនាមបងឱ្យតម្លៃលើសមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ គ្មានអ្វីផ្សេងឡើយក្រៅពីការចូលចិត្ត សូមបងប្អូនទាំងអស់គ្នា មេត្តាកុំយល់ច្រឡំចំពោះគាត់ បងសុំទោសប្អូនប្រុស»៕