អតីតភរិយា Nicholas Tse ត្រៀមចូលទៅតុលាការ ក្រោយមានរឿងក្តីក្តាំដោះមិនចេញ ២ ឆ្នាំ
នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ យោងតាមប្រភពចេញពី HK01 បានចុះផ្សាយឱ្យដឹងថា តារាសម្ដែង និង ចម្រៀងស្រី Cecilia Cheung ត្រូវជាអតីតភរិយារបស់កំពូលតារាហុងកុង Nicholas Tse នឹងត្រៀមចូលខ្លួនទៅបំភ្លឺនៅតុលាការ បន្ទាប់ពីរងការចោទប្រកាន់លើការមិនមានវិជ្ជាជីវៈ ក្រោយអតីតអ្នកគ្រប់គ្រងរបស់នាងបានផ្តល់លុយបង់ជាមុន ប៉ុន្តែនាងមិនបានថតសម្ដែងក្នុងខ្សែភាពយន្តឱ្យក្រុមហ៊ុន ស្របតាមកិច្ចសន្យាព្រមព្រៀងដែលមានចុះហត្ថលេខា។
តាមការឱ្យដឹង បណ្តឹងរវាងតារាស្រី Cecilia Cheung និង អតីតអ្នកគ្រប់គ្រងក្រុមហ៊ុនកម្សាន្ត AEG នឹងប្រព្រឹត្តទៅនៅចុងខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីរឿងក្តីនេះគឺមិនអាចដោះស្រាយចេញរយៈពេល ២ ឆ្នាំមកហើយ។ ជាក់ស្ដែង ក្រុមហ៊ុន AEG បានដាក់ពាក្យប្តឹងតារាស្រី Cecilia Cheung នៅខែកក្កដា ឆ្នាំ ២០២០ កន្លងមកនេះ ដោយគេបានបង្គាប់ឱ្យតារាស្រីកើតឆ្នាំ ១៩៨០ រូបនេះ បង់លុយប្រមាណ ១.៩ លានដុល្លារអាមេរិក លើការបំពានកិច្ចសន្យា។
គួររំឭកបកក្រោយបន្តិច ដើមឡើយខាងនាយកប្រតិបត្តិរបស់ AEG បានចុះកិច្ចសន្យាឱ្យ Cecilia Cheung ធ្វើជាតារាតំណាងតាំងពីខែកក្កដា ឆ្នាំ ២០១១ ដោយទទួលបន្ទុកលើសកម្មភាពឃោសនា និង ថតរឿង ហើយកាលណោះតារាស្រីរូបនេះក៏បានចុះកិច្ចសន្យាសម្ដែងក្នុងភាពយន្តចំនួន ៤ រឿងឱ្យខាងក្រុមហ៊ុន ជាមួយនឹងប្រាក់ខែ ៥.១ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ ២០១១ ដល់ ២០១៩ ផងដែរ។
ទោះជាយ៉ាងនោះក្តី នៅប៉ុន្មានឆ្នាំថ្មីៗនេះ Cecilia Cheung បែរជាមកចាប់អាជីពរបស់នាងនៅឯចិនដីគោកវិញ ដោយមិនព្រមឱ្យខាងអតីតអ្នកគ្រប់គ្រងជ្រៀតជ្រែកក្នុងការងាររបស់នាងឡើយ ហើយនាងមិនបានបង់លុយធ្វើជាអ្នកតំណាងត្រឡប់មកឱ្យក្រុមហ៊ុនវិញនោះទេ ជាមួយគ្នានេះនាងក៏មិនបានចូលសម្ដែងក្នុងរឿងទាំងនោះដែរ។ យ៉ាងណាមិញ នៅដើមឆ្នាំ ២០២២ តារាស្រី Cecilia Cheung បានត្រឡប់មកហុងកុងវិញ ដើម្បីមើលថែកូនទាំង ៣ នាក់របស់នាង និង គ្រោងបើកអាជីវកម្មលើវិស័យម៉ូដ៕