ដីចម្ការរបស់ Nadech នៅស្រុកកំណើតធំល្វឹងល្វើយ សុទ្ធតែដំណាំហូបផ្លែ គួរឱ្យចង់រស់នៅ
បើទោះខ្លួនជាតារាល្បីលំដាប់ជួរមុខប្រទេសពិតមែន តែគេសង្កេតឃើញថា Nadech Kugimiya គឺជាតារាប្រុសសង្ហាម្នាក់ ដែលចូលចិត្តប្រើប្រាស់ជីវិតក្រៅឆាករបស់ខ្លួនរស់នៅយ៉ាងស្ងប់ស្ងាត់ និង សាមញ្ញងាយៗជានិច្ច។
ជាក់ស្តែង ទោះបីជាមានផ្ទះធំស្កឹមស្កៃនាទីក្រុងបាងកកទៅហើយក្តី តែប្រុសស្អាត Nadech នៅតែចង់ប្រើប្រាស់ជីវិតនៅតាមទីស្រែចម្ការជាមួយនឹងធម្មជាតិផងដែរ ទើបលោកបានទិញដីចម្ការមួយដុំយ៉ាងធំល្វឹងល្វើយនាស្រុកកំណើតរបស់ខ្លួន ដើម្បីទុកជាទីសម្រាកកម្សាន្តអារម្មណ៍ជាមួយនឹងក្រុមគ្រួសារទៀតផង។
ដីចម្ការដ៏ធំរបស់តារាប្រុសរូបនេះ ត្រូវបានគេដឹងថា ស្ថិតនៅខេត្តខនកេន ដែលជាទីកំណើតរបស់លោកផ្ទាល់តែម្តង ហើយមើលពោរពេញទៅដោយដំណាំជាច្រើនមុខច្រើនបែបណាស់ មានទាំងស្រូវស្រែ ព្រមទាំងផ្លែស្វាយច្រើនប្រភេទ និង ដើមឈើ ដំណាំផ្សេងៗបៃតងស្អេកស្កះ ឃើញហើយស្រស់ស្រាយអារម្មណ៍មិនតិចនោះទេ។
លើសពីនេះទៅទៀត គេក៏ឃើញមានផ្ទះសម្រាកតូចៗនៅទីនោះផងដែរ ព្រមជាមួយនឹងស្រះទឹកមួយដ៏ធំនាកណ្តាលដីទៀតផង ហើយជារឿយៗគេតែងឃើញ Nadech នាំគ្រួសាររបស់ខ្លួន មកសម្រាកលេងនៅទីនេះមិនដាច់ឡើយ ដែលមើលទៅពិតជាកក់ក្តៅយ៉ាងខ្លាំង។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រ ពិតជានឹកសរសើរ Nadech ណាស់ ដែលលោកចូលចិត្តប្រើជីវិតជាមួយនឹងធម្មជាតិបែបនេះ ហើយគេក៏សង្ឃឹមថានឹងឃើញសកម្មភាពរបស់លោកជាមួយដីចម្ការនេះជាញឹកញាប់ទៀតផងដែរ៕