Baifern ធ្លាប់និយាយឥតលាក់បាំងថា នាងធ្លាប់ស្រមៃចង់រៀបការនៅអាយុ ២៥ ឆ្នាំ
អាចនិយាយបានថា Baifern Pimchanok គឺជាតារាសម្ដែងស្រីរបស់ថៃមួយរូប ដែលមានទេពកោសល្យប៉ិនប្រសប់ បានទាំងរូបសម្រស់ស្រស់ស្អាត និងនៅលីវថែមទៀតផង។ កន្លងមក តារាស្រីរូបនេះ ក៏បានចូលរួមបញ្ចេញទស្សនៈជុំវិញរឿងរ៉ាវស្នេហា នៅក្នុងកម្មវិធី TalkShow មួយ។
ដោយក្នុងនោះ តារាស្រីរូបនេះ បាននិយាយអំពីលក្ខណៈរបស់បុរសដែលនាងប្រាថ្នា គឺមិនចាំបាច់ពិសេសអ្វីណាស់ណានោះទេ អាស្រ័យលើចិត្តរបស់នាងប៉ុណ្ណោះ។
កន្លងមក នាងធ្លាប់ជួបស្នេហា ដែលសោកសៅបំផុត។ Baifern បាននិយាយថា នាងធ្លាប់សោកស្តាយ នៅពេលបែកគ្នាពីមនុស្សដែលនាងធ្លាប់ស្រឡាញ់ ព្រោះថាមានក្តីស្រមៃនាងចង់រៀបការជាមួយមនុស្សប្រុសដែលខ្លួនស្រឡាញ់។ ហើយនាងធ្លាប់គិតថា ពេលនាងធំឡើង នឹងរៀបការសាងគ្រួសារមានកូននៅអាយុ ២៥ឆ្នាំ ជាមួយបុរសម្នាក់នោះ។ នាងចង់ក្លាយជាម្ដាយដ៏ល្អក្នុងការចិញ្ចឹមបីបាច់កូន ប៉ុន្តែ Baifern ក៏បាននិយាយថា ប្រហែលជានាងមើលរឿងភាគច្រើនពេក ផ្តោតលើជីវិតគ្រួសារបានដឹកដៃមនុស្សខ្លួនស្រឡាញ់រៀបការជាមួយគ្នា។
ដោយឡែក នេះគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះ ប៉ុន្ដែបើយើងងាកមកបច្ចុប្បន្នវិញ ពេលនះបន្ទាប់ពីអ្នកកំលោះ Nine Naphat និង ស្រីស្រស់ Baifern Pimchanok ប្រកាសទំនាក់ទំនងស្នេហាជាមួយគ្នាមក គេឃើញតារាប្រុសស្រីមួយគូនេះទទួលបានការគាំទ្រខ្លាំងណាស់ពីសំណាក់មហាជនក្នុង និង ក្រៅប្រទេស ជាពិសេសមហាជនម្នាក់ៗតែងទន្ទឹងអ៊ុតមើលពីរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរមករហូត៕