លែងគ្នាបាន ១ឆ្នាំ អតីតប្តី Zhao Liying ចង់ផ្សះផ្សារៀបការម្ដងទៀត តែបែរជួបបញ្ហានេះ
កាលពីខែមេសា ឆ្នាំ ២០២១ រឿងរ៉ាវដែលធ្វើឱ្យអ្នកគាំទ្រមិនអាចបំភ្លេចចំពោះប្តី-ប្រពន្ធតារាសម្ដែងចិនដ៏ល្បី នឹងជាគូស្នេហ៍ដ៏មានប្រជាប្រិយភាពបំផុត Feng Shaofeng និង Zhao Liying អ្នកទាំងពីរបានប្រកាសលែងលះគ្នា ដោយផ្តាច់ចំណងអាពាហ៍ពិពាហ៍មកដល់ ៣ឆ្នាំផង។
មកទល់ពេលនេះ មហាជនអ្នកគាំទ្រជាច្រើន នៅតែទន្ទឹងរង់ចាំការផ្សះផ្សារបស់អ្នកទាំងពីរ ឱ្យវិលត្រឡប់មកស្រឡាញ់គ្នាវិញ។ ទោះជាយ៉ាងណា នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ បើតាមប្រភពចេញពី Sohu បានទម្លាយរឿងរ៉ាវរបស់អតីតគូស្នេហ៍មួយគូនេះ ដោយបានចុះផ្សាយថា រយៈពេល ១ឆ្នាំក្រោយការលែងលះ Feng Shaofeng បំណងចង់រៀបការម្ដងទៀតជាមួយនឹងអតីតភរិយារបស់លោក។
ប៉ុន្តែក៏មានប្រភពព័ត៌មានផ្សេងទៀត បានបញ្ជាក់ថា Zhao Liying បានបដិសេធយ៉ាងដាច់អហង្ការចំពោះរឿងមួយនេះរបស់អតីតស្វាមីផងដែរ។
ក្នុងនោះ ក៏បាននិយាយអំពីហេតុផលដែល Liying មិនអាចវិលត្រឡប់ទៅរកអតីតស្វាមីបាន ដោយសារតែ តារាស្រីរូបនេះ គិតថា នាង និង អតីតស្វាមីគឺសក្តិសមធ្វើជាមិត្តនឹងគ្នាជាងរួមរស់ជាប្តី-ប្រពន្ធ។ ម្យ៉ាង នាងចង់ឱ្យពួកគេរក្សាទំនាក់ទំនងល្អ ក្រោយលែងលះគ្នា ព្រោះថាលោក Feng Shaofeng នៅតែជាឪពុកកូនប្រុសរបស់នាង។
ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានមហាជនច្រើនមានការសោកស្តាយ និង សង្ឃឹមថាអ្នកទាំងពីរអាចផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមក ដើម្បីផ្សះផ្សាស្នេហារបស់គេឡើងវិញ៕