លី វ៉ាហេទ ត្អូញបែបនេះ ក្រោយផ្ទុះការសង្ស័យថាបែកពីមេម៉ាយសាច់ក្រអូប សុខ សោម៉ាវត្តី
មួយរយៈចុងក្រោយនេះ មហាជនអ្នកគាំទ្រហាក់ចាប់អារម្មណ៍ចំពោះការបង្ហោះ Caption ប្លែកៗរបស់តារាសម្ដែង សុខ សោម៉ាវត្តី ជាខ្លាំង ក្រោយតារាស្រីរូបនេះ បានរៀបរាប់នូវពាក្យសម្ដីប្រៀបដូចជាមនុស្សបែកបាក់ស្នេហា ហើយកំពុងត្រឡប់មកប្រើជីវិត Single ខណៈក្នុងពិភពសិល្បៈទាំងមូលបានដឹងរួចថា នាង និង កំលោះកីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ បានសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមរាប់ឆ្នាំមកហើយនោះ។
កន្លងមកនេះមហាជនអ្នកគាំទ្របានសង្កេតឃើញ សុខ សោម៉ាវត្តី តែងបានបង្ហោះសារជារឿយៗបង្ហាញថាខ្លួនកំពុងឯកា នៅ Single ជាដើម ជាក់ស្តែងដូចជា ការបង្ហោះសារថា ៖ «កុំព្យាយាមតាមចាប់របស់ដែលមិនមែនជារបស់យើងអី ព្រោះខំចាប់ហើយបើចាប់មិនបាន ក៏ឈឺចាប់ បានហើយក៏ឈឺ ព្រោះយើងដឹងតាំងពីដំបូងហើយថាវាមិនមែនជាកម្មសិទ្ធិរបស់យើង តែយើងអាចមើលថែ និង ស្រឡាញ់វាពីចម្ងាយបាន»។
មិនតែប៉ុណ្ណោះ គេឃើញនៅមានសារជាច្រើនទៀត ដែលតារាស្រីរូបនេះបានបង្ហោះក្នុងន័យកំពុងខូចចិត្តចំពោះរឿងស្នេហានោះ។ បើងាកមកមើលកំលោះសង្ហាជាកីឡាករបាល់ទាត់ លី វ៉ាហេទ វិញ គេក៏បានសង្កេតឃើញមានផុសសារប្លែកៗផងដែរពាក់ព័ន្ធនឹងការផ្ទុះការសង្ស័យនេះ ដោយកាលពីកន្លងទៅនោះ គេឃើញលោកផុសថា ៖ «រឿងខ្លះវាធ្វើឱ្យយើងមានអារម្មណ៍ថាហត់នឿយខ្លាំងណាស់ តែកុំចុះចាញ់កុំទន់ជ្រាយ មេឃភ្លៀងក៏គង់តែរាំងទេ។ ថ្ងៃល្អគង់មកដល់» និង នៅមានសារមួយចំនួនទៀត ដែលមានន័យស្រដៀងនេះ។
ក្រោយផ្ទុះការសង្ស័យពីទំនាក់ទំនងប្រេះឆានេះ គេក៏បានមិនឃើញអ្នកទាំងពីរចេញមុខមកស្រាយបញ្ជាក់ពីព័ត៌មានដែលជាមន្ទឹលរបស់មហាជនអ្នកគាំទ្រឱ្យបានដឹងច្បាស់ថាពិត ឬក៏មិនពិតយ៉ាងណាដែរ ជុំវិញទំនាក់ទំនងមួយនេះ ដោយអ្នកទាំងពីរហាក់បានបន្តស្ងប់ស្ងាត់រៀងៗខ្លួន។
ស្របពេលរឿងនេះហាក់ស្ងប់ស្ងាត់វិញ ស្រាប់តែពេលថ្មីៗនេះ កំលោះសង្ហា លី វ៉ាហេទ បានបង្ហោះសារមួយក្នុងអត្ថន័យកំពុងនឹករឭកដល់អ្នកណាម្នាក់ តែលោកមិនបានបញ្ជាក់ពីអត្តសញ្ញាណមនុស្សដែលលោកកំពុងនឹកនោះទេ។ កំលោះ លី វ៉ាហេទ បានបង្ហោះថា ៖ «អ្នកខាងនេះ នឹកអ្នកខាងនោះ» ដោយភ្ជាប់ជាមួយរូបមួយសន្លឹកញញឹមញញែមយ៉ាងមានក្តីសុខ។
នៅពីក្រោមការបង្ហោះបែបនោះពីសំណាក់កីឡាការ លី វ៉ាហេទ គេក៏បានឃើញអ្នកគាំទ្រ និង មិត្តជាអ្នកស្ថិតក្នុងសិល្បៈជាច្រើន បានចូលរួមបញ្ចេញមតិផ្សេងៗគ្នា និង អ្នកខ្លះក៏បានចំអន់លោកទៀតផងទាក់ទងរឿងទំនាក់ទំនងជាមួយអ្នកមេម៉ាយសាច់ក្រអូប សុខ សោម៉ាវត្តី នោះ៕