តាចេក ដួលងើបៗមិនចុះចាញ់វាសនា ពេលនេះដូរមកលក់បាយ និងផ្លែឈើ ផ្គត់ផ្គង់ជីវភាព
ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងជើងចាស់ តាចេក បច្ចុប្បន្នកំពុងរស់នៅក្នុងជីវភាពក្រលំបាកខ្លាំង តែទោះបីជាយ៉ាងណា នាយនៅតែប្រឹងប្រែងតស៊ូរកលុយចិញ្ចឹមជីវិត មិនចុះចាញ់នឹងវាសនាឡើយ។
កន្លងទៅនេះគេដឹងថា តាចេក បានដឹកបន្លែផ្លែឈើយកទៅលក់នៅគីរីរម្យ ដោយតារាកំប្លែងរូបនេះ បានជួបភាពលំបាកលំបិនជាច្រើន ទាំងការធ្វើដំណើរផ្លូវឆ្ងាយ ហើយពេលខ្លះលក់មិនដាច់សល់ខាតដើមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះ កាលពីដើមឆ្នាំ ២០២២ ក្នុងអំឡុងខែមករា កាលពីពេលដឹកបន្លែផ្លែឈើទៅលក់នៅគីរីរម្យនោះ តារាកំប្លែង តាចេក ក៏ធ្លាប់បានជួបប្រទះគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កម៉ូតូ ដោយបានបណ្ដាលឱ្យមានរបួស សូម្បីតែចៅៗរបស់លោកក៏មានរបួសដែរ។
បន្ទាប់ពីនោះ ដោយសារមើលឃើញមានលំបាកលំបិនខ្លាំងពេក ក៏មានបណ្តាសប្បុរសជនជាច្រើន ទាំងអ្នកក្នុង និង ក្រៅសិល្បៈបានជួយជ្រោមជ្រែងជាលុយកាក់ដល់លោកជាបន្តបន្ទាប់ ដើម្បីដោះទ័លក្នុងសេដ្ឋកិច្ចគ្រួសារ ខណៈទីផ្សារសិល្បៈរបស់លោកបានដាំក្បាលចុះ។ បន្ថែមពីលើនោះទេ សូម្បីតែថៅកែលក់ពេជ្រ ទ្រី ដាណា ក៏បានជួយជាថវិកាសម្រាប់លោកងើបឡើងក្នុងរបររកស៊ីផងដែរ។
យ៉ាងណាមិញ មកដល់ពេលនេះ បើតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះ តាចេក ផ្ទាល់បានបង្ហោះឱ្យដឹងថា លោកបានផ្លាស់ប្តូរពីការលក់ដូរនៅគីរីរម្យ មកលក់ដូរនៅម្តុំរង្វង់មូលកួរស្រូវវិញហើយ ដោយមានលក់ទុរេន ខ្នុរ និង បាយ ជាដើម។ ជាមួយគ្នានោះ តាចេក ក៏បានរៀបរាប់ឱ្យដឹងយ៉ាងច្បាស់ថា ៖ «ខ្ញុំប្ដូរមុខរបលក់បន្លែផ្លែឈើនៅគីរីរម្យហើយ ឥលូវមកលក់ទុរេន ខ្នុរ និង លក់បាយនៅខាងកើតជាប់រង្វង់មូលកួរស្រូវ ផ្លូវទៅតាខ្មៅខាងស្ដាំដៃ បើមកពីតាខ្មៅនៅខាងឆ្វេងដៃ បើបងប្អូនកូនក្មួយឆ្លងកាត់កុំភ្លេចចូលជួយទិញធុរេន និង ខ្នុរ ចូលហូបបាយក៏បានដែរ»។
បន្ទាប់ពីបង្ហោះរៀបរាប់បែបនេះ តាចេក ក៏មិនភ្លេចអរគុណដល់សប្បុរជនដែលតែងតែជួយលោកនាពេលកន្លងមកផងដែរ ដោយលោកបានរៀបរាប់ថា ៖ «ខ្ញុំសូមជូនពរដល់អ្នកមានគុណ និង សប្បុរជន បងប្អូនកូនក្មួយ សូមឱ្យប្រកបដោយអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ»៕