ក្រោយចាប់បានប្តីមានអ្នកថ្មី ផេនខេក បានត្រឹមពោលបែបនេះទៅកាន់អ្នកគាំទ្រ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយនៅសុខៗពិធីករភេទី ៣ ផេនខេក បានបង្ហោះរូបថត ព្រមទាំងសារបញ្ជាក់ច្បាស់ៗថា ស្វាមីក្បត់ចិត្តទៅលួចមានអ្នកថ្មី ធ្វើឱ្យនាងឈឺចាប់ជាងរឿងជំពាក់បំណុលគេទៅទៀត ខណៈពួកគេទាំងពីរទើបតែរៀបការនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
ជាការពិត ផេនខេក និង ស្វាមី ទើបតែរៀបការនឹងគ្នា ដោយបានអញ្ជើញអ្នកសិល្បៈចូលរួមមង្គលការយ៉ាងហ៊ឹកហាក់បានប្រមាណជាខ្ទង់ជាង ១ ខែ ស្រាប់តែនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ផេនខេក បានបង្ហោះសារប្រកាសក្ដែងៗទាំងឈឺចិត្តគ្រាំទ្រូងថា ៖ «៦ ឆ្នាំនេះទុកជាការយល់សប្តទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឱ្យបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង ២ ស្រឡាញ់គ្នាខ្លាំងណាស់»។
ក្នុងនោះ ផេនខេក ថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ទៀតថា នេះមិនមែនការសម្ដែងឡើយ។ នាងបានរៀបរាប់បន្ថែមទៀតថា ៖ «បញ្ជាក់មិនមែនសម្តែង ព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀត»។
ក្រោយពីរឿងរ៉ាវនេះបានផ្ទុះឡើង គេក៏សង្កេតឃើញមានបណ្តាមិត្តអ្នកលេងហ្វេសប៊ុក និង មិត្តក្នុងសិល្បៈរបស់ ផេងខេក ជាច្រើនបានមានការភ្ញាក់ផ្អើល ដោយក្នុងនោះម្នាក់ស្ទើរតែមិនជឿថានឹងអាចកើតមានរឿងបែបនេះឡើងបាន។ យ៉ាងណាមិញ ពួកគេក៏បានបញ្ចេញមតិ និង ការផ្តល់កម្លាំងចិត្តដល់ពិធីកររូបនេះគ្រប់គ្នា ជាក់ស្តែងដូចជា កញ្ញា សុភ័ក្រ្ត កុសុម៉ា ជាដើម។
បន្ទាប់ពីមានការផុសផុលផ្តល់ជាការលើកទឹកចិត្តយ៉ាងច្រើនពីបណ្តាមិត្ត ទាំងក្នុង និង ក្រៅសិល្បៈនោះ សម្រាប់ ផេនខេក ផ្ទាល់ពេលនេះ ហាក់មិនមានការបកស្រាយច្រើនអ្វីឡើយ ដោយតាមរយៈគណនីហ្វេសប៊ុកនាង គឺនាងបានត្រឹមតែពោលពាក្យសុំទោសដល់អ្នកគាំទ្រ និង បណ្តាមិត្តភក្តិតែប៉ុណ្ណោះ ដោយនាងបាននិយាយថា ៖ «អគុណសម្រាប់ការលើកទឹកចិត្តទាំងអស់គ្នា ហើយក៏សុំទោសផងដែរ»៕