ទម្លាយប្រាក់ចំណូលត្រួសៗរបស់ Zhao Liying ចាប់ពីឆ្នាំ ២០១៤ ដល់បច្ចុប្បន្ន ញាក់សាច់ណាស់!
បើយោងតាម QQ បានចុះផ្សាយឱ្យដឹង ប៉ុន្មានឆ្នាំមកនេះ រឿងភាគទូរទស្សន៍ដែលមានការចូលរួមពីតារាសម្ដែងស្រី Zhao Liying គឺសុទ្ធតែទទួលបានសមិទ្ធផលខ្ពស់ និង ត្រូវបានទស្សនិកជនចូលចិត្ត រហូតដល់តារាស្រីរូបនេះ ត្រូវបានគេចាត់ទុកថាជា «រាជិនីភាពយន្តចិន» ដែលមានគុណភាព និង កេរ្តិ៍ឈ្មោះល្បីសម្រាប់រឿងភាគរបស់ចិនកន្លងមក។
ក្នុងនោះដែរ បើតាមប្រភពផ្សេងទៀតចេញពី Sina បន្ទាប់ពី Zhao Liying ល្បីល្បាញក្នុងឆ្នាំ ២០១៤ ប្រាក់ខែរបស់តួឯកស្រីរូបនេះ គឺបានដល់ ៧៨០០០ ដុល្លារ។ នៅពេលថតរឿងភាគទូរទស្សន៍ ៣០ ទៅ ៦០ ភាគ Liying អាចទទួលបានចន្លោះពី ២ ទៅ ៤ លានដុល្លារ ហើយក្នុងមួយរឿងភាគ ពេលថតចប់នាងអាចរកបានជាង ៣១៥ ០០០ដុល្លារ។
រហូតដល់ឆ្នាំ ២០១៧ តារាស្រីរូបនេះ រកបានចំណូល ២៩ លានដុល្លារ ជាប់ក្នុងចំណាត់ថ្នាក់ទី ១៣ ក្នុងបញ្ជីតារាមានចំណូលខ្ពស់ជាងគេ ហើយបានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនចំនួន ១៨ នាំមុខគេក្នុងតម្លៃខ្ពស់បំផុត។ ក្រោយមកចូលដល់ឆ្នាំ ២០២០ Zhao Liying បានជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមតារាសិល្បៈដែលមានចំណូលខ្ពស់បំផុត ហើយក្នុងបញ្ជីទ្រព្យសម្បត្តិសរុបរបស់នាងគឺមានចំនួន ៣៩០ លានយ៉ន់ ច្រើនជាង ៦១ លានដុល្លារអាមេរិក។
ក្នុងឆ្នាំ ២០២១ តារាស្រីរូបនេះ បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនចំនួន ៩ បន្ថែមទៀត ក្នុងនាមជាឯកអគ្គរដ្ឋទូតតំណាងឱ្យម៉ាកល្បីទាំងនោះ។ បច្ចុប្បន្ន Zhao Liying នាងទទួលបានប្រាក់ខែ ១ ទៅ ២ លានដុល្លារក្នុងកិច្ចសន្យាផ្សាយពាណិជ្ជកម្ម ជាមួយនឹងការចូលរួមផ្សព្វផ្សាយ ឬ ថតតាមកម្មវិធី តារាស្រីរូបនេះក៏អាចរកចំណូលបន្ថែមទៀតប្រមាណ ៨០០ ០០០ ដុល្លារអាមេរិកផងដែរ៕