ឈ្មោះកូនទាំង ៣ របស់ Chompoo ម្នាក់ៗ សុទ្ធតែបង្កប់អត្ថន័យពិសេស ប្លែកមិនធ្លាប់មាន
កំពូលតារាស្រី Chompoo Araya អ្នកណាៗក៏ដឹងដែរថា នាងបានរៀបការជាមួយស្វាមីអភិជនជាច្រើនឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ ពេលនេះនាងក៏ទទួលបានចំណងដៃកូនប្រុសភ្លោះពីរនាក់ ដែលមិនត្រឹមតែស្អាតនោះទេ ថែមទាំងឆ្លាតទៀតផង ហើយជាពិសេស កាលពីថ្ងៃ ៣០ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ កំពូលតារាសម្តែងស្រីរូបនេះ ក៏បានស្វាមគន៍កូនស្រីពៅរបស់ខ្លួនមកកាន់ពិភពលោកហើយ ដែលមើលទៅក្រុមគ្រួសាររបស់នាងហាក់សប្បាយចិត្តរំភើបមិនតិចនោះទេ ក្នុងការបន្ថែមសមាជិកថ្មីរូបនេះ ចំណែកមហាជនអ្នកគាំទ្រក៏រំភើបរំជួលមិនចាញ់គ្នាប៉ុន្មានដែរ។
មហាជនជាច្រើនកន្លងមក ប្រាកដជាបានស្គាល់ឈ្មោះកូនប្រុសភ្លោះទាំងពីររបស់តារាស្រី Chompoo Ariya ច្បាស់ហើយ តែអ្វីដែលចាប់អារម្មណ៍នោះគឺមហាជនខ្លះនៅមិនទាន់ដឹងទេ តើមកពីមូលហេតុដែលធ្វើឱ្យតារាស្រី Chompoo Araya ដាក់ឈ្មោះកូនប្រុសទាំងពីរថា Saifa , Phayu ហើយរឹតតែឆ្ងល់ទៀតនោះ គឺឈ្មោះរបស់កូនស្រីពៅ ដែលនាង និង ស្វាមីបានដាក់ឈ្មោះថា Abigail? ខាងក្រោមនេះ គឺជាអត្ថន័យនៃឈ្មោះរបស់កូនប្រុសស្រី ទាំងបីរបស់កំពូលតារាស្រី Chompoo Araya ៖
បើតាមការឱ្យដឹងពីកំពូលតារាស្រីរូបនេះ បានបញ្ជាក់ថា ការដែលដាក់ឈ្មោះកូនប្រុសថា Saifa វាមានន័យថា «ផ្ទៃមេឃ» រីឯឈ្មោះថា Phayu មានន័យថា «ព្យុះភ្លៀង»។ ចំពោះមូលហេតុដែលនាងដាក់ឈ្មោះកូនទាំងពីរថា Saifa និង Phayu ព្រោះកូនទាំងពីររបស់នាង កើតចំថ្ងៃ ដែលមានផ្ទៃមេឃ កំពុងតែមានព្យុះភ្លៀងខ្លាំង ស្ទើរតែទឹកជន់លិចទីក្រុងតែម្តងនាពេលនោះ។
ចំណែកកូនស្រីពៅរបស់ កំពូលតារាស្រីរូបនេះ ត្រូវបាននាង និង ស្វាមី ដាក់ឈ្មោះថា «Abigail (អាប៊ីហ្គែល)»។ តាមអ្វីដែល Chompoo ផ្ទាល់បានផុសឱ្យដឹងក្នុងបណ្តាញ IG របស់នាងនោះ គឺបញ្ជាក់ថា Abigail នេះ គឺជាឈ្មោះរបស់ខ្យល់ព្យុះមួយប្រភេទ ដែលត្រូវបានប្រទេសអង់គ្លេសដាក់ឱ្យដំបូងគេជាផ្លូវការនៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីវាបានបោកបក់លើប្រទេសនេះ ប៉ុន្តែអ្វីរឹតតែធ្វើឱ្យគេចាប់អារម្មណ៍ទៀតនោះ គឺឈ្មោះនេះមានអត្ថន័យមួយបែបទៀតនៅក្នុងភាសាហេព្រឺ។ ក្នុងនោះ បើយោងទៅតាមប្រភពព័ត៌មានមួយបានទម្លាយឱ្យដឹងថាឈ្មោះ «Abigail (អាប៊ីហ្គែល)» នេះ នៅក្នុងភាសាហេព្រឺ គឺមានន័យថា «Joy of the father» ដែលប្រែមកថា ជាសេចក្តីសុខរបស់ឪពុក ហើយស្តាប់ទៅរំជួលចិត្តមិនតិចនោះ ព្រោះនាងតូចរូបនេះ គឺហាក់ដូចជាអ្វីៗគ្រប់យ៉ាងរបស់ឪពុកនាងទៅហើយ៕
ប្រភព៖ nineentertain