តាមពិត គ្រាផ្ដើមស្នេហ៍ដំបូងៗ Ter លេងក្បាច់ផ្លូវកាត់នេះដាក់ Mai Davika
Mai Davika តារាស្រីលំដាប់ជួរមុខ ដែលមានរូបសម្រស់ស្រស់ស្អាតប្រៀបបីដូចជាគំនូរ មានរាងស្រឡូន ជាពិសេសជាតារាសម្តែងឆ្នើមមួយរូបដែលអាចបត់បែនគ្រប់ទម្រង់តួអង្គ។ ថ្មីៗនេះ Mai បានចូលផ្តល់បទសម្ភាសក្នុងកម្មវិធី One Kanchai Talk ដែលមានពិធីករឆ្នើមមួយរូបនោះ គឺលោក Num Kanchai។
ក្នុងកិច្ចសម្ភាសនោះ Mai បានទម្លាយពីប្រវត្តិស្នេហ៍គ្រាដំបូង ពេល Ter មកញ៉ែនាង មុនពេលក្លាយជាគូស្នេហ៍។ Mai បានរៀបរាប់ថា ៖ «ខ្ញុំបានស្គាល់បង Ter ដំបូងបង្អស់គឺនៅពេលគាត់សរសេររឿង «Pee Mark» ហើយបានមកជួបមុខផ្ទាល់លើកដំបូង គឺនៅពេលទទួលពានរង្វាន់សម្រាប់រឿងនោះ។ ក្រោយមក ចាប់ផ្តើមស្គាល់គាត់ច្បាស់ គឺនៅពេលលេងរឿង «Chai Mai Jing Ying Tae» ជារឿងដំបូងដែលពួកយើងសម្តែងជាមួយគ្នា»។
«ហើយក្រោយមកក៏បានថតជាមួយគ្នាម្តងទៀតក្នុងរឿង «Nang Sao Mai Jam Kad Nam Sakul» ពេលនោះហើយក៏ចាប់ផ្តើមមានអារម្មណ៍ប្លែកៗ ពេលឆាកថតចំតួប្រុសចាប់ដៃតួស្រី។ ក្នុងនោះ ពេលថតចប់ហើយអ្នកដឹកនាំក៏បានស្រែកថា (Cut) តែបង Ter មិនព្រមលែងដៃខ្ញុំសោះ ខ្ញុំឆ្ងល់ តែក៏លួចគិតក្នុងចិត្តថា ទោះមិនលែងដៃ ក៏មិនអី ព្រោះខ្ញុំមានអារម្មណ៍ធម្មតាៗ។ កាលហ្នឹងគិតថា ចាត់ទុកគាត់ត្រឹមជាបងប្រុស ព្រោះតែភាពកំប្លែងរបស់គាត់ ទើបមិនដែលគិតអ្វីលើសពីហ្នឹង»។
«ក្រោយមកទៀតពួកយើងក៏បានជួបគ្នាម្តងទៀត អំឡុងពេលផ្សព្វផ្សាយឃោសនារឿងនេះ ហើយក៏បានប្តូរ Line គ្នា ដោយដំបូងគឺក្នុងន័យផ្ញើរូបឱ្យគ្នាទៅវិញទៅមក។ លុះដល់យប់ថ្ងៃហ្នឹងស្រាប់តែគាត់ប្រាប់ថា ចូលចិត្តខ្ញុំ ហើយសារភាពត្រង់ៗថា ចង់ប្រាប់ខ្ញុំឱ្យដឹង ព្រោះគិតថាខ្លាចមិនមានឱកាសជួបគ្នាទៀត»។
Mai បន្ថែមថា ៖ «តែមុននឹងគាត់មកសារភាពថាចូលចិត្ត គាត់ក៏បានមកជួបបង Klao អ្នកចាត់ការ Mai មុន ហើយមកសុំចែចង់ Mai ដោយប្រយោគដែលគាត់និយាយគឺ «ខ្ញុំនឹងមិនយកប្អូនចេញពីបងនោះទេ តែខ្ញុំសុំក្លាយជាមនុស្សម្នាក់ទៀតដែលជួយមើលថែប្អូន»។
«ហើយសម្រាប់បង Klao នេះណា គឺជាមនុស្សតឹងរឹងបំផុត ព្រោះមានមនុស្សក្នុងសិល្បៈជាច្រើនដែលព្យាយាម តែក៏គាត់មិនឱ្យជាប់ តែមិនដឹងយ៉ាងម៉េចបានបង Ter ជាប់។ ទោះជាយ៉ាងណាមិញអំឡុងពេលបង Ter តាមញ៉ែ គឺពេលនោះ Mai បេះដូងទទេស្អាត ហេតុដូចនេះទើបបង Ter ក៏មិនមានគូប្រជែងអ្វីនោះទេ។ ដំបូងៗរៀងភ្ញាក់ផ្អើលបន្តិច តែក្រោយមកក៏បើកឱកាសឱ្យគាត់»៕
ប្រភព៖ Sanook