ជាកំពូលតារា តែ Katreeya ធ្លាប់ជួបស្នេហ៍បោកចិត្តអស់ ៥ ឆ្នាំ រហូតមិនហ៊ានមានស្នេហ៍ថ្មីមកទល់វ័យ ៤៥ ឆ្នាំ
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីតារាចម្រៀង ឬ តារាសម្តែងដ៏លេចធ្លោម្នាក់ នៅក្នុងពិភពសិល្បៈថៃ នាង Katreeya។ បើទោះបីជាពេលនេះ នាងមិនសូវមានសកម្មភាពសិល្បៈច្រើន តែនាងនៅតែទទួលបានការគាំទ្រពីសំណាក់មហាជនដដែល។
បើងាកទៅមើលពីជីវិតឯកជនរបស់នាងពេលនេះវិញ នាងក៏កំពុងតែមានក្តីសុខជាមួយអ្វីដែលនាងមានដែរ។ ពេលនេះនាងមានវ័យ ៤៥ ឆ្នាំទៅហើយ តែបើនិយាយពីជីវិតស្នេហារបស់នាងវិញ ហាក់ពុំទាន់មានពន្លឺភ្លើងខៀវ បង្ហាញពីគូជីវិតដែលត្រៀមដឹកដៃនាងកសាងគ្រួសារនៅឡើយទេ។
ចំពោះរឿងរ៉ាវពីជីវិតគូនេះទៀតសោត ជឿជាក់ថា មហាជនអ្នកគាំទ្រប្រាកដជាមានចម្ងល់ និង ចង់ដឹងជាក់ជាពុំខានថា តើហេតុអ្វីបានជាតារាស្រីរូបនេះ នៅពុំទាន់គិតគូរឿងអនាគតគូស្រកទៀត ទាំងដែលវ័យរបស់នាងក៏កាន់តែជ្រេទៅមុខរហូតហើយនោះ?
យ៉ាងណាមិញ ខណៈនេះ «ប្រជាប្រិយ» សូមបើកបង្ហាញពីរឿងរ៉ាវអាថ៌កំបាំងមួយ ដែលមហាជនដឹងហើយប្រាកដជាស្រឡាងកាំងជាក់ជាមិនខាន នោះគឺ តាមពិតទៅ មុខនឹងនាងបណ្តោយខ្លួន មិនទាន់បើកចិត្តទទួលយកបុរសណាម្នាក់ចូលមកស្អំបេះដូងនៅពេលនេះ ក៏ព្រោះដោយសារតែកាលពី ១៥ ឆ្នាំមុន នាងធ្លាប់ទទួលបានស្នេហាបោកបញ្ឆោតចិត្ត ពីសំណាក់បុរសម្នាក់អស់រយៈពេល ៥ ឆ្នាំឯណោះ។ គ្រានោះ នាងបានបើចិត្តទទួលបុរសម្នាក់ចូលមកក្នុងជីវិត ព្រមទាំងបានទាក់ទងគ្នាអស់រយៈពេលដល់ទៅ ៥ ឆ្នាំឯណោះ តែចុងក្រោយទើបដឹងថា បុរសរូបនោះ មានប្រពន្ធរួចទៅហើយ រហូតធ្វើឱ្យនាងត្រូវដើរចេញទាំងឈឺចាប់ ដែលត្រូវក្លាយជាមនុស្សដែលត្រូវចាញ់បោកបុរសដែលខ្លួនឯងបានស្រឡាញ់។
ទោះជាយ៉ាងណា នេះគ្រាន់តែជារឿងរ៉ាវអតីតកាលតែប៉ុណ្ណោះ ពេលនេះនាងរឹងមាំហើយដែរ ហើយចំពោះរឿងបញ្ហាចំណងស្នេហ៍នេះ នាងក៏ធ្លាប់បានទម្លាយថា នាងមិនបានបិទទំព័របេះដូងនោះទេ ពេលនេះនាងនឹងព្រមបើកទទួលយកអ្នកថ្មី ដែលស្មោះត្រង់ណាម្នាក់ចូលមកក្នុងជីវិតរបស់នាងហើយ៕