(វីដេអូ) ម៉ែព្រិក ទម្លាយទាំងឈឺចាប់ និង ទឹកភ្នែក ធ្លាប់ត្រូវគេដាក់អំពើរហូតជីវិតធ្លាក់ដល់សូន្យ ក្រោយលែងលះប្តី
នៅក្នុងចំណោមអ្នកសិល្បៈថៃជើងចាស់ទាំងអស់ ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់អ្នកស្រី Aew Ampa Phusit ជាក់ជាមិនខាន ដោយអ្នកស្រី គឺជាតួអង្គ ម៉ែព្រិក ក្នុងរឿងភាគដ៏ល្បីមួយរបស់ថៃ «បុព្វេសន្និវាស»។ ក្នុងនោះ ការសម្ដែងរបស់តារាស្រីរូបនេះ តែងធ្វើឱ្យមហាជនអ្នកគាំទ្រក្នុង និង ក្រៅស្រុកអួតសរសើរមិនដាច់ពីមាត់ នូវទេពកោលស្យសម្ដែង ជាពិសេសតួកាចឆ្នាសឆ្នើមនេះតែម្ដង។
ជាការពិត ក្រោយពីតារាស្រី Aew Ampa បានចូលខ្លួនសម្ដែងក្នុងរឿង «បុព្វេសន្និវាស» មក គេហាក់កត់សម្គាល់ឃើញតារាស្រីរូបនេះ កាន់តែផ្ទុះប្រជាប្រិយភាពខ្លាំងជាងមុនមួយកម្រិតទៀត រហូតធ្វើឱ្យផលិតករធំៗក្នុងស្រុកថៃទាក់ទងឱ្យតារាស្រីរូបនេះទៅថតរឿងជាហូរហែ ហើយការងារបណ្ដាក់គ្នាជាបន្តបន្ទាប់។
នៅលើកញ្ចក់ទូរទស្សន៍ជីវិតតារាស្រីជើងចាស់រូបនេះ ហាក់រីករាយ តែតាមពិតជីវិតក្រៅឆាកវិញ លោកស្រី Aew Ampa ធ្លាប់ជួបរឿងបញ្ហាជីវិតគូដល់ថ្នាក់លែងលះគ្នា ស្ពាយឈ្មោះជាស្ត្រីមេម៉ាយដល់បច្ចុប្បន្ន។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ម៉ែព្រិក បានទម្លាយក្នុងបទសម្ភាសទាំងទឹកភ្នែកថា៖ «ក្នុងអំឡុងព.ស. ឆ្នាំ ២៥៤០ ជីវិតលោកស្រីគឺធា្លក់ដល់ចំណុចសូន្យតែម្តង ឪពុកក៏ត្រូវស្លាប់ ស្វាមីក៏លែងលះ ហើយនាងក៏មានជំងឺដេកនៅមន្ទីរពេទ្យបិះស្លាប់ទៀតផង។ ខណៈដែលឈឺ គឺលោកស្រីត្រូវបានគេធ្វើអំពើផ្លូវងងឹតដាក់លោកស្រី ព្រោះនៅពេលដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយពីវះកាត់ហើយ លោកស្រីបានឃើញយមច្ចុរាជមកអូសលោកស្រីយកទៅ តែដោយសារលេខរាសីលោកស្រីខ្ពស់ ទើបមិនអី តែបែរជាធ្លាក់លើឪពុកលោកស្រីជំនួសវិញ»។
បន្តលើសពីនោះ ក្រោយពីជីវិតប្រទះនឹងបញ្ហាច្រើនទម្រាំអាចនាំឱ្យជីវិតប្រសើរឡើងវិញ គឺលោកស្រីយកការងារដើម្បីកម្សាន្តចិត្ត និង រាល់ពេលដែលខូចចិត្តគឺលោកស្រីតែងគិតដល់ឪពុកលោកស្រី ដែលខិតខំមើលថែលោកស្រី ហើយមួយវិញទៀតនោះ គឺលោកស្រីមានកូនស្រីជាកម្លាំងចិត្តផង ទើបធ្វើឱ្យលោកស្រីអាចត្រឡប់មករីករាយឡើងវិញដូចពេលនេះ៕