ទោះផ្ទុះការរិះគន់ តែទីបំផុតហាយសូរ Poh និង Robert កោរសក់បួសបានសម្រេចហើយ តាមបែបព្រាហ្មណ៍
ក្រោយពីបានពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវការស្លាប់របស់តារាស្រី Tangmo មក ហាយសូរទាំងពីរនាក់ គឺ Poh និង Robert ដែលជាអ្នកគេកំពុងសង្ស័យ ក៏បាននឹកឃើញចង់បួសជាសង្ឃដើម្បីឧទ្ទិសបុណ្យកុសលឱ្យនាងនាវត្តថាម៉ៃ នាខេត្តសាក់មុទសាខន។
យ៉ាងណាមិញ ការបួសជាព្រះសង្ឃនេះ ធ្វើឱ្យមហាជននាំគ្នាខឹងសម្បាមិនតិចនោះទេ ព្រោះមើលទៅហាក់ដូចជាការរត់គេចពីច្បាប់ពីបញ្ហា ហើយក្រោយមកខាងវត្តថាម៉ៃបដិសេធមិនព្រមបំបួសឱ្យពួកគេតែម្តង ក៏ព្រោះតែទាំងពីរនាក់នេះ មានរឿងរ៉ាវក្តីក្តាំងនៅជាប់ខ្លួននៅឡើយ ដែលជាច្បាប់ហាមនៅក្នុងការបំបួសសង្ឃ។ យ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន ក៏លេចឮព័ត៌មានថាពួកគេក៏បានងាកមកបួសជាព្រាហ្មណ៍វិញ ដោយចៅអធិការវត្តថាម៉ៃជាអ្នកបំបួសឱ្យផ្ទាល់។
តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នេះ ហាយសូរ Poh និង Robert បានបួសព្រាហ្មណ៍ជាផ្លូវការហើយ ដោយមានអ្នកកាសែតជាច្រើនបានទៅចាំនៅវត្តថាម៉ៃ តែអ្នកទាំងពីរបែរជាដូរកន្លែងទៅបួសនាកន្លែងប្រតិបត្តធម៌មួយកន្លែងនាខេត្តរ៉ាឆៈបុរីវិញ ដែលជាសាខារបស់វត្តថាម៉ៃ។ យ៉ាងណាមិញ ដ្បិតតែជាការបួសព្រាហ្មណ៍ពិតមែន តែក៏មានការកោរសក់ដូចជាបួសព្រះសង្ឃដែរ ហើយមានតែអ្នកជិតស្និទ្ធរបស់ហាយសូរទាំងពីរប៉ុណ្ណោះដែលបានចូលរួម៕