មិនទាន់ការផង អនាគតប្តីថ្មីរបស់ សាន់ឆាយ ត្រូវគេរិះគន់ឡើងផ្អើលថា ដេកស៊ីដោយសារស្រី
កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ បើតាមប្រភពចេញពី Appledaily បានឱ្យដឹងថា គូស្នេហ៍គ្រោងនឹងរៀបការថ្មីរបស់តារាសម្ដែងស្រី Barbie Hsu ហៅ សាន់ឆាយ បានមកដល់តៃវ៉ាន់ហើយ តែត្រូវបានស្នាក់នៅធ្វើចត្តាឡីស័កនៅឯសណ្ឋាគារមួយកន្លែង មានចម្ងាយ ២ គីឡូពីនាង។
ក្នុងនោះដែរ តួឯករឿង «Meteor Garden» រូបនេះ តែងតែរៀបចំអាហារសម្រាប់គូស្នេហ៍របស់នាង មិនត្រឹមតែធ្វើម្ហូបឱ្យប៉ុណ្ណោះទេ តារាស្រីរូបនេះ ក៏បានបង់ថ្លៃចំណាយដល់ DJ Koo ស្នាក់នៅក្នុងសណ្ឋាគារ ដើម្បីធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃផងដែរ ដោយតម្លៃស្នាក់ ក្នុង ១ ថ្ងៃគឺ ២៧៩ ដុល្លារ។
យ៉ាងណាមិញ ការចំណាយលើសណ្ឋាគារ និង របស់ហូបចុកដែល សាន់ឆាយ ធ្វើដល់អនាគតប្តីរបស់នាង បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយទៀតនៅលើបណ្ដាញសង្គម ដោយមហាជនរាប់ពាន់នាក់បានរិះគន់ DJ Koo យ៉ាងចាស់ដៃថាដេកស៊ីពឹងលើ សាន់ឆាយ។ យ៉ាងណាមិញ អ្នកខ្លះទៀតក៏បានថា នេះជាទង្វើធម្មតា ព្រោះអ្នកទាំងពីរជិតក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរៀបការជាលើកទី ២ របស់ សាន់ឆាយ ក៏មានភាពចម្រូងចម្រាសក្នុងគ្រួសាររបស់នាងខ្លាំងផងដែរ ព្រោះម្តាយរបស់តារាស្រីរូបនេះ មិនព្រមទទួលយកកូនប្រសាថ្មីនោះទេ៕