នាំគ្នាផ្អើល ពេល Moddam បើកទម្លាយឆាតចុងក្រោយរបស់ Tangmo ផ្ញើមកមុននាងបាត់បងជីវិត
ការស្លាប់របស់តារាសម្តែងស្រី Tangmo បានបន្សល់ទុកនូវភាពសោកស្តាយ និង មិនអស់ចិត្តខ្លាំងណាស់ សម្រាប់មិត្តភក្តិអ្នករួមអាជីពសិល្បៈមួយចំនួន ព្រោះនាងជាមនុស្សរួសរាយរាក់ទាក់ ស្រឡាញ់អ្នកជិតខាង ហើយម្នាក់ៗមានអនុស្សាវរីយ៍ល្អៗជាមួយជានាងមិនតិចនោះទេ។
យ៉ាងណាមិញ បើទោះជាការស្លាប់របស់នាងបានផុតទៅជាងកន្លះខែទៅហើយក្តី តែក៏នៅតែមានតារាជាច្រើន ក៏ដូចជាកម្មវិធីមួយចំនួននៅតែរំឭកពីនាងមិនដាច់នោះដែរ។ ជាក់ស្តែងកាលពីថ្ងៃ ១៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ពិធីករប្រុស Moddam ក៏បាននិយាយរំឭកពីនាងនៅក្នុងកម្មវិធីរបស់ខ្លួនដូចគ្នា។ Moddam បានឱ្យដឹងថា លោក និង Tangmo មានភាពស្និទ្ធស្នាលគ្នាមិនតិចនោះទេ ដោយនាងតែងតែហៅលោកបែបលេងសើចរហូតថា ម៉ែៗ។
លើសពីនេះទៅទៀត លោកក៏បានឆ្លៀតបើកមើលឆាតតាមរយៈ Line ដែលលោកបានធ្លាប់ឆ្លើយជាមួយនាងថែមទៀតផង ស្រាប់តែឃើញថា Tangmo ទើបតែផ្ញើសារមកលោកមុនពេលប៉ុន្មានថ្ងៃដែលនាងស្លាប់ ដោយប្រាប់លោកថា នាងរៀនចប់ហើយ ហើយថែមទាំងប្រាប់ថាស្រឡាញ់លោកថែមទៀត រួមជាមួយនឹងរូបថតនៅថ្ងៃដែលនាងទៅទទួលសញ្ញាបត្រ និង រូបថតដែលនាងបានថតចុងក្រោយជាមួយលោក។
យ៉ាងណាមិញ សារមួយនេះ បានធ្វើឱ្យ Moddam ភ្ញាក់ផ្អើល និង សោកស្តាយខ្លាំង ដែលមិនបានតបនាងជាលើកចុងក្រោយ ពោលគឺលោកនៅតែបៀមការស្តាយក្នុងចិត្តមិនតិចនោះទេ៕