Jooy និង ស្វាមី ចេញមកបកស្រាយទាំងទឹកភ្នែក រឿងគេរិះគន់ពីមូលហេតុមិនទៅបុណ្យសព Tangmo
បន្ទាប់ពីតារាសម្ដែងស្រី Tangmo Nida ទទួលអនិច្ចកម្មទៅគេឃើញថាមានមហាជនមិនតិចនោះទេ ដែលកើតក្ដីអាណិតស្រឡាញ់ និង អាឡោះអាល័យចំពោះនាង។ ក្នុងនោះអំឡុងពេលពិធីបុណ្យ ៣ ថ្ងៃរបស់នាង គេក៏ឃើញសង្កេតថាមានមហាជន និង ញាតិមិត្តសិល្បករ សិល្បការិនីថៃជាច្រើនបានទៅចូលរួមរំលែកទុក្ខ។
យ៉ាងណាមិញ បើងាកទៅមើលកំពូលតារាសម្ដែងលោក Push និង ភរិយា តារាសម្ដែងស្រី Jooy វិញ ថ្មីៗនេះ អ្នកទាំងពីរត្រូវបានមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង ក្រោយឮពាក្យសម្ដីរបស់តារាស្រី Jooy ដែលបានចូលរួមក្នុងកម្មវិធី ឆែ (แฉ) ដោយនិយាយថា នាងពុំបានទៅចូលរួមពិធីបុណ្យសពរបស់តារាស្រី Tangmo ឡើយ ព្រោះ នាង និង Tangmo ពុំដែលបានរួមការងារជាមួយគ្នា តែនាងនឹងចូលរួមរំលែកទុក្ខតាមវិធីផ្សេងវិញ។
តួយ៉ាងក្រោយពីផ្ទុះការរិះគន់នៅរសៀលថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២២ នេះ ស្រាប់តែគេឃើញតារាស្រី Jooy និង តារាប្រុស Push បានចេញមកបកស្រាយទាំងទឹកភ្នែកនៅក្នុង IG របស់តារាស្រី Jooy ជុំវិញមូលហេតុដែលពួកគេទាំងពីរពុំបានចូលរួមក្នុងកម្មវិធីបុណ្យសពរបស់តារាស្រី Tangmo កាលពីពេលកន្លងទៅ។
ក្នុងការឡាយបកស្រាយនោះ ប្ដីប្រពន្ធតារាមួយគូនេះបាននិយាយទាំងក្រៀមក្រំថា៖ « អ្នកទាំងពីរពិតជាមានការសោកស្តាយណាស់ ដែលនៅសុខៗស្រាប់តែកើតនូវព័ត៌មាននេះឡើងមក សម្រាប់មូលហេតុដែលអ្នកទាំងពីរ ពុំអាចចូលរួមបុណ្យសពតារាស្រី Tangmo បាន ក៏ព្រោះតែ ខណៈនេះ តារាស្រី Jooy កំពុងតែស្ថិតក្នុងការថែទាំសុខភាព ដើម្បីត្រៀមយកទាយាទស្នងត្រកូល និង ដើម្បីការពារ ក្រែងលោឆ្លងជំងឺកូវីដ-១៩ ព្រោះតែកម្មវិធីបុណ្យមានមនុស្សច្រើនចូលរួម។ ដូចនេះ ទើបបានជាពួកគេពុំបានចូលរួម។ មួយវិញទៀត ពេទ្យហាមប្រាមមិនឱ្យនៅទីកន្លែងដែលមានមនុស្សច្រើនកុះករផង ព្រោះសុខភាព Jooy កំពុងខ្សោយ។
លើសពីនោះ Jooy បានបន្តថា មិនមែននាង និង ស្វាមី មិនចូលរួមបុណ្យសព ហើយបញ្ជាក់ថា នាង មិនមានការអាណិតអាឡោះអាល័យតារាស្រី Tangmo នោះទេ។ ចាប់តាំងតែកើតហេតុការណ៍មក នាងតែងតែតាមដានព័ត៌មានមករហូត លុះដឹងថាតារាស្រី Tangmo ទទួលអនិច្ចកម្ម ក៏នាង និង ស្វាមីមានសេចក្ដីអាណិតជាពន់ពេក។
ក្នុងការឡាយនោះទៀតសោត Jooy ក៏បាននិយាយថា នាងក៏សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះគ្រួសារនៃសពផង ហើយ នាង និង ស្វាមីក៏នឹងធ្វើបុណ្យឧទ្ទិសកុលសជូនចំពោះតារាស្រី Tangmo ដូចគ្នា ដើម្បីឱ្យនាង បានទៅកាន់ទីឋានបរមសុខ ព្រោះថា Tangmo ជាមនុស្សម្នាក់ដែលកតញ្ញូ ហើយនាងពិតជាស្រឡាញ់ចូលចិត្តចំពោះTangmo ណាស់»។
ឆ្លៀតក្នុងឱកាសឡាយផ្ទាល់ Jooy ក៏បានសុំចិត្តអ្នកគាំទ្រដែលរិះគន់ចំពោះនាងនោះ ឱ្យយល់ពីទឹកចិត្តរបស់នាងផង ព្រោះថារឿងតិចតួច មិនចង់ឱ្យក្លាយជាព័ត៌មានបែបនេះឡើយ។
ដោយឡែក បើកងាកទៅមើលអ្នកគាំទ្រតារាស្រីប្រុសគូនេះវិញ ខណៈដែលឃើញតារាស្រី Jooy និយាយទាំងទឹកភ្នែកដូចនោះ ម្នាក់ៗបានចូលទៅខមមិនលើកទឹកចិត្តគ្រប់ៗគ្នា៕