ទីបំផុត ម្តាយ Tangmo លើកទោសឱ្យ Gatick ហើយ ព្រោះតែមូលហេតុទាំងនេះ
ពាក់ព័ន្ធនឹងអ្នករួមទូកជាមួយ Tangmo នៅថ្ងៃកើតហេតុ ដែលជាជនកំពុងត្រូវគេសង្ស័យ ក្នុងនោះហាយសូរ Poh និង Robert ត្រូវបានម្តាយរបស់ Tangmo បានលើកទោសឱ្យហើយ ក្រោយពីពួកគេបានមកក្រាបសំពះសុំទោសកាលពីពេលថ្មីៗកន្លងទៅ ប៉ុន្តែចំណែក Gatick វិញ អ្នកម្តាយរូបនេះហាក់នៅតែខឹងសម្បា មិនព្រមលើកទោសឱ្យឡើយ បើទោះជានាងទៅក្រាបសំពះសុំទោសក៏ដោយ។
យ៉ាងណាមិញ ក្នុងនោះ កាលពីពិធីបុណ្យសពរបស់ Tangmo កន្លងទៅ តាមព័ត៌មានបានឱ្យដឹងថា Gatick ក៏បានមកនិយាយជាមួយម្តាយរបស់ Tangmo ម្តងទៀតហើយ ហើយមើលទៅក៏ដូចជាត្រូវរ៉ូវគ្នាវិញផងដែរ។
ដោយឡែកថ្មីៗនេះ ម្តាយ Tangmo ក៏បានប្រាប់ច្បាស់ៗហើយថា គាត់បានលើកទោសឱ្យ Gatick ទៅហើយ ព្រោះមិនចង់ទុកឱ្យនៅស្មុគខួរក្បាលតទៅទៀត។ ប៉ុន្តែការលើកលែងទៅដល់អ្នកនៅលើទូកទាំងប៉ុន្មាននេះ មិនបានពាក់ព័ន្ធនឹងរឿងក្តីឡើយ ពោលគឺរឿងសេសសល់ទាំងប៉ុន្មាន គឺទុកឱ្យខាងប៉ូលិសជាអ្នកចាត់ចែងសួរនាំស្រាវជ្រាវបន្តចុះ។
ម្តាយតារាស្រីរូបនេះ ក៏បានបន្តទៀតថា Gatick មកប្រាប់គាត់ថា សុំទោស នាងយំរាល់ថ្ងៃ នាងនឹក Tangmo ណាស់ ហើយនាងមើលទៅគួរឱ្យអាណិត ទើបគាត់ដាច់ចិត្តលើកទោសឱ្យនាង។ យ៉ាងណាមិញ គាត់ក៏បានឱ្យដឹងថា មនុស្សធ្លាក់ទឹកមួយទាំងមូល វាត្រូវតែមានអ្នកលើទូកឃើញហើយ គាត់ចង់ឱ្យមកសារភាពជាមួយប៉ូលិស ទោសធ្ងន់នឹងអាចក្លាយជាស្រាល ចំណែកអ្នកដែលថាគាត់ឃ្លានលុយ ឃ្លានល្បី ទទួលបាបកម្មខ្លួនឯងចុះ តែគាត់សុខចិត្តលើកទោសឱ្យ៕