ហ៊ិន ចាន់នីរ័ត្ន និង ចេន ប៉ះគ្នាក្នុងរឿងដំបូង ផ្ទុះការគាំទ្រខ្លាំង
មហាជនអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្ររបស់ ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាចម្រៀងរូបសង្ហា ចេន ដែលអ្នកទាំងពីរធ្លាប់ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងកាលពីមួយរយៈមុនកន្លងទៅជាមួយនឹងសកម្មភាពស្និទ្ធស្នាលបង្ហាញលើបណ្ដាញសង្គម ធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្ត និងផ្គូរផ្គងអ្នកទាំងពីរគ្រប់គ្នា ប៉ុន្តែក៏បានស្ងាត់ទៅវិញក្រោយពី លោក ចេន បានដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យ។
ដោយឡែកថ្មីៗនេះ លោក ចេន និង កញ្ញា ហ៊ិន ចាន់នីរ័ត្ន ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ជាថ្មី ក្រោយពីបានឃើញអ្នកទាំងពីរសម្ដែងប៉ះគ្នា ជាតួឯកប្រុសស្រីក្នុងរឿងភាគមួយជាលើកដំបូង គឺរឿង «Online Dating» ដែលគ្រាន់តែចេញ trailer ភ្លាម ពិតជាផ្ទុះការចាប់អារម្មណ៍គាំទ្រខ្លាំង ពីមហាជន ព្រោះសាច់រឿងទំនងល្អមើលខ្លាំង ជាពិសេសភាពប៉ិនប្រសប់នៃការសម្ដែងរបស់តួអង្គបប្រុសស្រីទាំងពីរ។
វីដេអូ trailer រឿងនេះដែរ ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ តារាប្រុសស្រីមួយគូនេះ បានធ្វើការកាត់តចែករំលែកលើបណ្ដាញសង្គម TikTok ដោយបង្ហាញពីចិត្តអន្ទៈសាររង់ចាំទស្សនារឿងដំបូងរបស់អ្នកទាំងពីរខ្លាំងផងដែរ៕