អបអរសាទរ! តារាចម្រៀង ជ័យ សុវ៉ាត បំពេញក្តីសុបិន បើកឱសថស្ថានយីហោរផ្ទាល់ខ្លួន
មហាជននិយមតាមដានរឿងរ៉ាវរបស់តារាចម្រៀង ជ័យ សុវ៉ាត ច្បាស់ជាបានជ្រាបហើយថា លោក មិនត្រឹមតែមានអាជីពជាតារាចម្រៀងតែម្យ៉ាងនោះទេ តែលោក ជ័យ សុវ៉ាត ក៏ជាគ្រូពេទ្រដែរ ដោយកន្លងមកលោកបានបំពេញតួនាទីដ៏សំខាន់ជាច្រើនក្នុង «TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» ដើម្បីមើលថែ និង ព្យាបាលអ្នកជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ ឆ្នាំហើយ។
យ៉ាងណាក្រោយពីបានសម្រាកក្នុងការងារស្ម័គ្រចិត្តខាងលើ តារាចម្រៀង ជ័យ សុវ៉ាត ក៏បានវិលត្រលប់មកកាន់វិថីសិល្បៈវិញជាថ្មី ក៏ដូចជាបានពង្រឹងផ្នែកជំនាញពេទ្យរបស់លោក។
ជាក់ស្តែង កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀង ជ័យ សុវ៉ាត ឬ លោកគ្រូពេទ្រ ជ័យ សុវ៉ាត បានសម្ពោធជាផ្លូវការនូវឱសថស្ថានយីហោរផ្ទាល់ខ្លួនថា «ឱសថស្ថាន ជ័យ សុវ៉ាត» ដែលមានទីតាំងនៅឯបុរីពិភពថ្មីចំការដូង ដោយមានការចូលរួមពីសំណាក់មិត្តក្នុង-ក្រៅសិល្បៈជាច្រើន។
ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានចូលរួមអបអរសាទរ និង ជូនពរដល់ការបើកឱសថស្ថានរបស់លោក ជ័យ សុវ៉ាត ឱ្យទទួលបានជោគជ័យផងដែរ៕