អីយ៉ាស់! តាមពិតម្ចាស់កាដូលុយដុល្លារឱ្យ លី អ៊ីវ៉ាធីណា ថ្ងៃ ១៤ កុម្ភៈ ជាគូស្នេហ៍នាងសោះ
កន្លងមក មហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា ច្បាស់ជាបានជ្រាបហើយ ពីរឿងរ៉ាវនៃជីវិតគូរបស់នាង ដោយតារាចម្រៀងស្រីកូនកាត់ចិនរូបនេះ បានប្រាប់ «ប្រជាប្រិយ» ថា កញ្ញានៅមិនទាន់គិតគូរឿងគូជីវិតនៅឡើយទេ ក៏ព្រោះតែកំពុងតែសម្រុកក្នុងការរកស៊ី និង ការងារមួយចំនួនសិន។
យ៉ាងណា កាលពីអំឡុងដើមខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកគាំទ្រសង្ស័យស្នេហ៍ ពីទំនាក់ទំនងរបស់កញ្ញា លី អ៊ីវ៉ាធីណា និង ថៅកែអាហារដ្ឋាន «លីធីង» ដែលមានហ៊ុនរបស់កញ្ញាចូលរួមនោះ ក្រោយតារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដោយថៅកែរូបនោះ បានជូនអាំងប៉ាវដុល្លារដល់នាងថែមទៀតផង។ លើសពីនោះ សង្កេតទៅមើលសកម្មភាពប្រចាំថ្ងៃរបស់កញ្ញា លី អ៊ីវ៉ាធីណា គេក៏ឃើញវត្តមានរបស់ថៅកែរូបនោះតាមក្បែរនៅថែនាងជានិច្ចទៀតផង។
បើទោះជាមានការសង្ស័យ កញ្ញា លី អ៊ីវ៉ាធីណា ក៏មិនបានបកស្រាយបញ្ជាក់ច្បាស់ពីទំនាក់ទំនងរបស់នាង និង ថៅកែរូបនោះនៅឡើយទេកន្លងមក។ ប៉ុន្តែក្រោយរៀបចំពិធីខួបកំណើតកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ស្រាប់តែតារាចម្រៀងស្រីរូបនេះ ហាក់មិនលាក់លៀមទៀតនោះឡើយ គឺនាងបានបង្ហាញជាសាធារណៈតាមរយៈរូបថតមួយសន្លឹក រួមគ្នានឹងថៅកែរូបនោះ ដោយភ្ជាប់ពាក្យថា «Thx My Love»។
ក្រោយពីប្រកាសជាសាធារណៈ ថាខ្លួនមានម្ចាស់បេះដូងហើយនោះ កញ្ញា លី អ៊ីវ៉ាធីណា ក៏ត្រូវបានមហាជនអ្នកគាំទ្រចូលរួមអបអរសាទរដល់នាងជាច្រើនហូរហែរ ក្រោយពីនាងរកឃើញអ្នកថែបេះដូងបានហើយនោះ៕