Aun ថ្លែងទាំងអួលដើម-ក ថា Tangmo ជាមនុស្សដឹងគុណណាស់ មិនភ្លេចសូម្បីរឿងអស់នេះ
កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ នេះ តារាប្រុសស្រីជាច្រើនបានបន្តនាំគ្នាចូលរួម ពិធីបុណ្យសព Tangmo ដើម្បីជាការលាគ្នាជាលើកចុងក្រោយ ដោយពិធីនេះរៀបចំឡើងដោយ ក្រុមគ្រួសារ និងមិត្តជិតស្និទ្ធ ហើយទទួលបានការឧបត្ថម្ភពីតារារៀមច្បង Aum Patcharapa និង A Supachai។
នៅថ្ងៃទី ២ នៃពិធីបុណ្យសព Tangmo គេសង្កេតឃើញវត្តមាន Aun Return ដែលជាតារាជើងចាស់មួយរូប ក៏បានចូលរួម ហើយថែមទាំងបានឡើងថ្លែងពាក្យពេចន៍មួយចំនួន នៅលើវេទិកា ដើម្បីបង្ហាញពីក្តីស្រលាញ់ និងនឹករលឹកដល់ Tangmo ដូចគ្នា។
Aun បានរៀបរាប់ទាំងអួលដើម-ក ថា៖ «ប្រសិនបើខ្ញុំអាចទាញវេលាថយក្រោយបាន ខ្ញុំនឹងនៅក្បែរ Tangmo គ្រប់ៗពេល ជាពិសេសពេលសំខាន់ៗនៃជីវិតនាង មិនថាពេលទទួលបរិញ្ញាបត្រ ពេលញ៉ាំបាយ ពេលគេងនោះទេ»។
«និយាយដល់ក្មេងស្រីរូបនេះ ខ្ញុំស្រណោះណាស់! នាងជាមនុស្សដែលខ្ញុំអាចសរសើរដោយមិនអៀន ហើយរកពាក្យមកនិយាយរៀបរាប់មិនអស់នោះទេ ជាមនុស្សស្រីក្លាហាន ហ៊ានតស៊ូជាមួយបញ្ហា ជាមនុស្សដែលរឹងមាំ ហើយមិនដែលទម្លាក់បន្ទុកខ្លួនឯងឱ្យអ្នកដទៃនោះទេ»។
«ខ្ញុំចាំបានថា Tangmo ធ្លាប់មានបញ្ហារឿងប្រាក់ ចង់រៀនបន្ត តែមិនអាចរៀនបានព្រោះខ្វះលទ្ធភាព។ ខ្ញុំនេះក៏សម្រេចធ្វើជាអ្នកឧបត្ថម្ភការរៀនដល់នាង ព្រោះមិនចង់ឱ្យមហាជន ឬអ្នកដទៃ មើលងាយមើលថោកដល់នាង ជាតារារៀនមិនបានជ្រៅជ្រះ កាលពីជាង ២ ឆ្នាំមុន។ ហើយពេលដែលនាងរៀនចប់ នាងក៏បានមកអញ្ជើញខ្ញុំឱ្យទៅចូលរួមថ្ងៃនាងទទួលសញ្ញាបត្រ តែខ្ញុំនេះមិនបានទៅ ព្រោះជាមនុស្សមិនសូវចេះបើកឡាន»។
«តែទោះបីជាមិនបានទៅ ក៏ Tangmo នៅតែផ្ញើសារមកអរគុណ ហើយថែមទាំងនិយាយ លុយម៉ែ Aun ឱ្យខ្ញុំ ខ្ញុំយកមករៀនចប់ហើយម៉ែ វាជារង្វាន់ធំបំផុតពីម៉ែ Aun អរគុណខ្លាំងណាស់»។
«ជាចុងក្រោយខ្ញុំចង់រំលឹកថា Tangmo មិនដែលភ្លេចទេ ចំពោះមនុស្សដែលធ្វើល្អដាក់នាង មិនថារឿងតិចតួចក្តី ហើយនាងជាមនុស្សល្អណាស់ ហើយមកទល់ពេលនេះខ្ញុំហាក់មិនទាន់ជឿនៅឡើយថានាងចាកទៅទាំងបែបនេះ។ តែយ៉ាងណាក៏ម៉ែនឹកកូន លាហើយកូនស្រីរបស់ម៉ែ»៕
ប្រភព៖ Kapook