ព្រឺសម្បុរណាស់! គ្រូទាយម្នាក់ថា រឿងក្ដី Tangmo នឹងលាតត្រដាងឆាប់ៗ ដោយមូលហេតុនេះ
ខណៈនេះរឿងក្ដីករណីស្លាប់របស់តារាសម្ដែងស្រី Tangmo ហាក់នៅតែក្ដីគគុកនៅឡើយ ដោយម្នាក់ៗទន្ទឹងរង់ចាំការស៊ើបអង្កេតពីប៉ូលិសដើម្បីឱ្យដឹងការពិតថាតើតារាស្រី Tangmo ស្លាប់ដោយសារការលង់ទឹក ដូចដែលក្រុមប៉ូលិសសន្និដ្ឋានពីដំបូងឬយ៉ាងក៏យ៉ាងណា?
មកទល់ពេលនេះទៅហើយចាប់តាំងពីថ្ងៃរកឃើញសាកសពនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ក្រុមប៉ូលិសហាក់ក្ដាប់បាននូវភស្តុតាងមួយចំនួនហើយជុំវិញការធ្វើកោសល្យវិច័យ និង ពិសោធកម្មរឿងហេតុ ព្រមទាំងការផ្ដល់ចម្លើយពីអ្នកពាក់ព័ន្ធ។
យ៉ាងណាមិញ រឿងក្ដីនេះហាក់មានភាពប្រទាក់ក្រឡាគ្នាដែលធ្វើឱ្យមហាជន ក៏ដូចជាអ្នកតាមដានគ្រប់រូបពិបាកសន្និដ្ឋានឱ្យបានច្បាស់ ជាពិសេសគេពុំអាចស្មានបានថាវានឹងបិទបញ្ចប់នៅពេលណាឡើយ។
ដូចគ្នានោះ បើងាកទៅមើលអ្នកគ្រូទាយ Plai Navaracha ដែលគេស្គាល់ថាគ្រូទាយល្បីឈ្មោះ ទាយឆុតៗ ក៏បានទម្លាយក្នុងកម្មវិធីជជែកកម្សាន្តមួយថា រឿងរ៉ាវតារាស្រី Tangmo នឹងអាចចេញការពិតឆាប់ៗនេះហើយ ដោយហេតុថាអ្នកប្រព្រឹត្តិទ្រាំពុំបានគេនឹងចេញមកសារភាពដោយឯកឯងមិនខាន ដូចនេះកុំបារម្ភ ការពិតនឹងលាតត្រដាងឆាប់ៗលើសពីការរំពឹងទុកទៅទៀត។
ទន្ទឹមនឹងការបង្ហើបនេះ មហាជនក៏រង់ចាំតាមដានដូចគ្នាថាវាដូចអ្វីដែលគ្រូទាយរូបនេះបានទាយដែរឬទេ ព្រោះរាល់ការទាយរបស់ អ្នកគ្រូ Plai Navaracha កន្លងមកតែងតែឆុតៗគ្រប់ពេល៕