ប្ដីប្រពន្ធ យក់ ថិតរដ្ឋា អួលដើម-ក អាណិតកូនតូចពន់ពេក រៀបរាប់ទាំងក្ដុកក្ដួលរំជួលចិត្ត
គ្រាន់តែបើកឆាកដើមខែថ្មី ថ្ងៃទី ២ ខែមីនា ២០២២ តារាចម្រៀងប្រុសរូបសង្ហា ឃុំ ប៉ុណ្ណាដែត បានទម្លាយដំណឹងដ៏គួរឱ្យអាណិតមួយនៅលើគណនីហ្វេសប៊ុក ដោយកូនប្រុសជាទីស្រឡាញ់របស់លោក បានជួបគ្រោះថ្នាក់បាក់ដៃ ហើយរឿងដែលលោក និង អ្នកនាង យក់ ថិតរដ្ឋា ដែលជាឪពុកម្ដាយ កាន់តែអាណិតកូនប្រុសខ្លោចចិត្តនោះគឺ កូនរបស់ពួកគេជួបហេតុការណ៍គ្រោះថ្នាក់បាក់ដៃចំថ្ងៃខួបកំណើត។
ដើមទ្រូងជាម្ដាយឃើញកូនឈឺបែបនេះ យក់ ថិតរដ្ឋា ទប់ទឹកភ្នែកមិនជាប់ ក៏រៀបរាប់ថា ៖ «កូនម៉ាក់បានធូរហើយ ពេលឃើញពេទ្យអូសកូនចេញមកវិញពេលឱបដៃរួច ម៉ាក់ទប់ទឹកភ្នែកខ្លួនឯងមិនបានទេកូនម្តាយអើយ អាណិតណាស់ឈឺប៉ុនណាក៏ទ្រាំបានដែរកូនម៉ែ»។
ងាកមកតារាចម្រៀង ឃុំ ប៉ុណ្ណាដែត ក្នុងនាមជាឪពុកម្នាក់ បានបង្ហោះរូបថតកូនពេលកំឡុងទទួលការជួយសង្គ្រោះពីក្រុមគ្រូពេទ្យទាំងខ្លោចចិត្ត ហើយលើសពីនេះ លោកក៏បានរៀបរាប់ពីភាពក្លាហាន រឹងមាំរបស់កូនប្រុស ដែលរូបគេនៅក្មេងសោះតែពូកែទ្រាំសុខចិត្តស្រក់ទឹកភ្នែកតែមិនយំ ហើយកែវភ្នែកទាំងគូសម្លឹងទៅរកឪពុកម្ដាយ។
ឃុំ ប៉ុណ្ណាដែត អួលដើម-ករៀបរាប់នៅលើគណនីហ្វេសប៊ុកថា ៖ «បាក់ដៃប៉ុណ្ណឹងហើយ សុខចិត្តទ្រាំឈឺ ស្រក់ទឹកភ្នែកតែមិនយំ ប៉ាដឹងថាកូនឈឺ តែកូនសុខចិត្តទ្រាំទាំងសម្លឹងមើលមកប៉ា និង ម៉ាក់ កូនត្រូវតែរឹងមាំ មិនយូរទេកូននឹងបានជាដូចដើម ឃុំ រដ្ឋាណាលីឌី (តុងតុង) កូនល្អរបស់ប៉ា»៕