ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញសម្រស់ពិតរបស់ Paing Takhon ក្រោយចេញពីការឃុំខ្លួនជិត ១ឆ្នាំ
នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ នេះ ពិតជាដំណឹងដ៏ល្អសម្រាប់មហាជនអ្នកគាំទ្រតារាសម្ដែងប្រុសរូបសង្ហាភូមា Paing Takhon ដោយខណៈនេះសារព័ត៌ក្នុងស្រុកភូមា និង ថៃជាច្រើនបានចេញផ្សាយថាពេលនេះតារាសម្ដែង និង ម៉ូដែលរូបនេះ ត្រូវបានរដ្ឋាភិបាលប្រទេសភូមាសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញហើយ ក្រោយពីជាប់ឃុំឃាំងកាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ។
តាមការឱ្យដឹងពីសារព័ត៌មាន BBC News បានឱ្យដឹងថា មិនត្រឹមតែតារាប្រុសរូបនេះតែម្នាក់នោះទេដែលបានចេញពីមន្ទីរឃុំឃាំងមានសេរីភាពនោះ សូម្បីអ្នកសិល្បៈល្បីៗ របស់ភូមា ៦ នាក់ឯទៀតក៏បានចេញមានសេរីភាពដូចគ្នាដែរ។ ក្នុងខណៈនេះ តារាប្រុស Paing Takhon ក៏ដូចអ្នកសិល្បៈ ៦ នាក់ទៀតនោះក៏បានត្រឡប់ទៅផ្ទះវិញដោយក្ដីរីករាយហើយ។
ទន្ទឹមនឹងការវិលត្រឡប់នេះ គេឃើញថា Paing Takhon ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាមួយក្រុមគ្រួសារ និង បណ្ដាមិត្តភក្តិ។ វីដេអូមួយពីអ្នកគាំទ្រតារាប្រុសរូបនេះដែលបង្ហោះឡើងលើគណនីអ៊ីនស្ត្រាក្រាមបានឱ្យឃើញថា ក្រោយពីជាប់ក្នុងការឃុំខ្លួនជិតមួយឆ្នាំ សភាពរបស់ Paing Takhon ហាក់ពុំខុសប្លែកខ្លាំងឡើយ គឺលោកនៅតែមានសុខភាពរឹងមាំ ព្រមទាំងមុខមាត់ស្អាតសង្ហាដដែល គ្រាន់តែមានពុកចង្កាវែងប៉ុណ្ណោះ។
ជាមួយនឹងដំណឹង ដ៏រីករាយនេះពិតធ្វើឱ្យមហាជនមានការរំភើបចិត្តយ៉ាងខ្លាំង។ ក្នុងនោះគេក៏ឃើញអ្នកគាំទ្រម្នាក់ៗ មិនថាក្នុងក្រៅប្រទេសសុទ្ធតែបានសម្ដែងការអបអរសាទរដល់វត្តមានវិលមកមានសេរីភាព របស់តារាប្រុសរូបនេះគ្រប់គ្នា៕