ធ្ងន់ហើយ! Nicky Wu និង ភរិយា ដាក់ពាក្យប្តឹងអ្នកបំផុសរឿងចចាមអារ៉ាមលែងលះគ្នា
កាលពីពេលថ្មីៗនេះ Sina បានចុះផ្សាយថា តារាសម្ដែង Nicky Wu និង Liu Shishi ទាំងពីរនាក់ប្តីប្រពន្ធនេះ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកសរសេរប្លុកម្នាក់ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និង បង្ខូចកិត្តិយសរបស់ពួកគេ។ ដោយតារាទាំងពីរ បានផ្តល់សិទ្ធិទាំងស្រុងឱ្យមេធាវីធ្វើការ។
យោងតាមអ្នកតំណាងរបស់ Nicky Wu និង Liu Shishi បានឱ្យដឹងថា អ្នកសរសេរប្លុករូបនេះ បានចេញផ្សាយគំរូសៀវភៅកំប្លែងជាច្រើនដែលខ្លឹមសារប្រឌិតអំពីជីវិតឯករបស់ពួកគេ ដែលបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់តារាសម្តែងទាំងពីរ។ ដូច្នេះហើយ តារាបានសុំឱ្យរូបគេចេញមុខសុំទោស និង បញ្ឈប់ការឈ្លានពានឯកជនភាព។
ជាក់ស្ដែង ដូចជាកាលពីថ្ងៃទី ២៥ ខែកុម្ភៈ អ្នកសរសេរប្លុកចិនដ៏ល្បីរូបនេះ បានចែករំលែកព័ត៌មានដែលថា គូស្នេហ៍ខុសវ័យច្រើនឆ្នាំបានលែងលះគ្នា។ ក្នុងនោះ ថែមទាំងថា បុរសជាប្តីបានលួចបង្កាត់ភ្លើងស្នេហ៍នឹងជំនួយការស្រី ក្រោយមកត្រូវប្រពន្ធចាប់បាន ក៏ឈ្លោះប្រកែកគ្នាដល់លែងលះ ហើយបានប្រើរូបថតរៀបការរបស់ Nicky Wu និង Liu Shishi បើតាមព័ត៌មានបានផ្តល់នោះ។
ក្រោយមក បន្ទាប់ពីបែកធ្លាយព័ត៌មានអំពីជីវិតអាពាហ៍ពិពាហ៍ត្រូវបានចេញផ្សាយ ភ្លាមនោះ Nicky Wu និង Liu Shishi ក៏បានបដិសេធចោលទាំងស្រុង ហើយតារាទាំងពីររូបនេះ បានប្តូររូប Profile របស់ខ្លួន ពាក់ចិញ្ចៀនរៀបការនៅលើដៃ ដើម្បីបញ្ជាក់ថាទំនាក់ទំនងរបស់ពួកគេ នៅតែមានក្តីសុខ និង សុភមង្គលមិនមានអ្វីប្រែប្រួលឡើយ។
ដូចដែលកាលពីខែ កក្កដា ឆ្នាំ២០២១ លោក Nicky Wu ដោយសារតែស្រឡាញ់ប្រពន្ធកូនខ្លាំង ទើបតារាប្រុសរូបនេះ បានចូលឈប់ពីការសម្តែង។ ដោយតារាសម្ដែងតៃវ៉ាន់រូបនេះ បាននិយាយថា លោកចង់ក្លាយដៃគូជីវិត ដែលចែករំលែកបន្ទុក និង មើលថែកូនជាមួយភរិយា។ ដូច្នេះហើយ លោកបានកាត់បន្ថយការងារ ដោយគ្រាន់តែទទួលយកការអញ្ជើញថតកម្មវិធីកម្សាន្តប៉ុណ្ណោះ៕