ម៉ាក់ៗសម័យថ្មី! មុនសម្រាលកូនទី ២ លោកជំទាវ លីឈី រត់វឹងទៅសាឡនតុបតែងខ្លួនភ្លែត
ធ្មេចបើកៗរយៈពេលជិត ៣ ឆ្នាំ ហើយ ដែលអតីតតារាស្រីស្រស់សោភា លីឈី បានចាប់ដៃគ្នាចូលរោងការនឹងអតីតអ្នកដឹកនាំល្បីប្រចាំផលិតកម្មថោន ដោយសព្វថ្ងៃមានងារជាឧកញ៉ា គឺលោកឧកញ៉ា ប៊ុន រតនា បើគិតចាប់តាំងពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ។
ក្រោយពីសាងចំណងអាពាហ៍ពិពាហ៍ហើយនោះ មកដល់ពេលនេះលោកជំទាវ លីឈី និង លោកឧកញ៉ា ប៊ុន រតនា ក៏ទទួលបានចំណងដៃកូនស្រីច្បងដ៏ស្រស់ស្អាតមួយរូប និង ត្រៀមស្វាគមន៍កូនប្រុសទី ២ នៅក្នុងខែមីនា ឆ្នាំ ២០២២ នេះដែរ។
យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ លោកឧញ៉ា ប៊ុន រតនា បានបង្ហោះវីដេអូរបស់ភរិយា ដ៏គួរឱ្យអស់សំណើច និង មើលទៅហាក់មានសុភមង្គលផងនោះ ដោយជំទាវ លីឈី បានទៅហាងសាឡន ដើម្បីធ្វើសក់ តុបតែងខ្លួន ត្រៀមរង់ចាំទទួលសមាជិកថ្មី កូនប្រុសទី ២។
ក្នុងនោះវីដេអូនោះដែរ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលទៅខមមិនជូនពរដល់អតីតតារាសម្តែងខាងលើ ក៏ដូចជាបានលើកឡើងថា ពិតជាអ្នកម៉ាក់សម័យថ្មី អ្នកម៉ាកអភិជនពិតមែន ពោលគឺមុននឹងសម្រាលយ៉ាងណាៗក៏ត្រូវតែស្រស់ស្អាតជាមុនសិន៕