ថ្ងៃគម្រប់ខួបស្នេហា ១០ ឆ្នាំ Mint និង សង្សារ កាន់ដៃគ្នាធ្វើរឿងមួយផ្អើលអ្នកគាំទ្រ
អស់រយៈពេល ១០ ឆ្នាំមកហើយដែលតារាស្រី Mint Chalida និង អ្នកកំលោះហាយសូរ Pupa Teachanarong បានចាប់ដៃផ្ដើមស្នេហ៍មកជាមួយគ្នា។ ជារឿយៗ គូស្នេហ៍តារាមួយគូនេះតែងតែបង្ហាញនូវភាពផ្អែមល្ហែមឱ្យគ្នាណាស់លើបណ្ដាញសង្គម ហើយមហាជនជាច្រើនតែងតែបន់ឱ្យពួកគេទាំងពីរឆាប់កាន់ដៃគ្នាចូលរោងការឆាប់ផងដែរ។
តួយ៉ាងកាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ គូស្នេហ៍តារាស្រី Mint ក៏ស្រាប់តែធ្វើឱ្យមហាជនរំភើបចិត្តយ៉ាងខ្លាំងខណៈដែលពួកគេទាំងពីរបានកាន់ដៃគ្នាទៅហូបអាហារពេលល្ងាចនៅក្នុងសណ្ឋារគារផ្កាយ ៥ មួយយ៉ាងរ៉ូមែនទិក។ ក្នុងនោះហាយសូរ Pupa ថែមទាំងនាំបាច់ផ្កាយ៉ាងស្រស់ស្អាតមួយបាច់ធំជូនចំពោះតារាស្រី Mint ផងដែរ។
ដោយឡែក ងាកទៅមើលរូបភាព នៅពេលថ្ងៃមុនទៅហូបអាហារពេលល្ងាចឯណោះវិញ គូស្នេហ៍មួយគូនេះបានបង្ហោះរូបភាពស្វីត ដោយដៃធ្វើសញ្ញាលេខ ១០ បញ្ជាក់ថាពួកគេស្រឡាញ់ និង ទាក់ទងគ្នាបាន ១០ ឆ្នាំហើយ។
អ្វីដែលធ្វើឱ្យមហាជនកាន់តែរំភើបចិត្តចំពោះស្នេហាពួកគេនោះគឺហាយសូរ Pupa បានពោលពាក្យយ៉ាងផ្អែមទៅកាន់តារាស្រី Mint ថា ៖ «One decade down forever to go. សូមនៅជាមួយគ្នាបែបនេះរហូតណាអូនសម្លាញ់»។ ជាមួយពាក្យដ៏ផ្អែមក្នុងថ្ងៃគម្រប់ខួបស្នេហា ១០ ឆ្នាំ របស់ Pupa មួយឃ្លានេះ ពិតជាធ្វើឱ្យមហាជនទន្ទឹងចង់ឃើញថ្ងៃពួកគេរៀបការខ្លាំងណាស់ ហើយ មហាជនក៏សង្ឃឹមថា Mint និង Pupa មានដំណឹងល្អៗ ឆាប់ៗដែរ៕