តារាថៃ ៣ រូប បាត់បង់ជីវិត ព្រោះមូលហេតុតក់ស្លុត អ្នកគាំទ្រមិនអាចបំភ្លេចបាន
ជារឿងគួរឱ្យស្តាយសៅបំផុតមួយដែលកន្លងទៅនេះ មានតារាសម្តែង និង កំប្លែងល្បីមួយចំនួនក្នុងប្រទេសថៃ បានបាត់បង់ជីវិតបន្តបន្ទាប់គ្នាក្នុងរូបភាពមួយគួរឱ្យចងចាំ ជាមួយរឿងរ៉ាវដក់ជាប់ក្នុងចិត្តពីហេតុការណ៍ដែលធ្វើឱ្យពួកគេបានលាចាកលោក។ សម្រាប់តារាថៃដែលបានបាត់បង់ជីវិត ហើយផ្ទុះកក្រើកពេញប្រទេសនោះ គឺមានដូចតទៅ ៖
១. តារាសម្តែង Por Thridsadee
លោក Por Thridsadee ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាតារាសម្តែងល្បីមួយប្រចាំប្រទេសថៃ ប៉ុន្តែលោកបានទទួលមរណភាពទៅកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៦ ដោយសារជំងឺគ្រុនឈាមកម្រិតធ្ងន់ត្រឹមរយៈពេល ២ ខែ។ កាលណោះ តារាសម្តែងរូបនេះត្រូវបានគ្រូពេទ្យកាត់ជើងខាងឆ្វេង និង សួតខាងឆ្វេងចោល ដើម្បីការពារការឆ្លងមេរោគ។ ក្រោយមកសួតខាងស្ដាំរបស់ Por ក៏បានឆ្លងមេរោគធ្ងន់ធ្ងរថែមទៀត ហើយរាងកាយក៏លែងទទួលការព្យាបាល ទើបបណ្តាលឱ្យលោកលាចាកលោកចោលប្រពន្ធ និង កូនស្រីតូចជាទីស្រឡាញ់។
មរណភាពរបស់តារាប្រុសរូបនេះ បានផ្ទុះកក្រើកពេញសង្គមសិល្បៈថៃ និង ស្រទាប់មហាជនថៃយ៉ាងច្រើន ដោយបានបង្ហាញការសោកស្តាយស្រណោះ ជាមួយនឹងការអាឡោះអាល័យ កាន់ទុក្ខចំពោះរូបលោក។
២. តារាកំប្លែង Khom Chaucheun
លោក Khom Chaucheun បានទទួលមរភាពក្នុងវ័យ ៦៣ ឆ្នាំ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ ពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីសម្រាកព្យាបាលកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១។ មូលហេតុធ្វើឱ្យតារាកំប្លែងរូបនេះបាត់បង់ជីវិតលឿនយ៉ាងនេះ ព្រោះស្ថានភាពជំងឺប្រចាំកាយ និង មេរោគជំងឺកូវីដ-១៩ បានវាយលុកសួតធ្ងន់ធ្ងរ។
ចំពោះមរណភាពយ៉ាងឆាប់រហ័សរបស់តារាកំប្លែងរូបនេះ បានធ្វើមហាជនថៃស្រពាប់ស្រពោនចិត្ត និង សោកស្តាយយ៉ាងខ្លាំង ក្នុងនោះបើទោះបីជាប្រទេសស្ថិតក្នុងបរិបទកូវីដក្តី ប៉ុន្តែនៅតែមានអ្នកគាំទ្របុកទៅគោរព និង ចូលរួមរំលែកទុក្ខដល់កន្លែងធ្វើពិធិបូជាផងដែរ ជាពិសេសគឺវត្តមានតារាល្បីៗ។
៣. តារាសម្តែង Tangmo Nida
តារាស្រី Tangmo ត្រូវបានរកឃើញសាកសពនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ បន្ទាប់ពីកើតហេតុការណ៍យ៉ាងតក់ស្លុតមួយ ដោយនាងបានធ្លាក់ទឹកទន្លេចៅផាយ៉ាកាលយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នោះ។ ករណីស្លាប់របស់តារាស្រី Tangmo នេះដែរ កំពុងតែផ្ទុះកក្រើកពេញបណ្តាញសង្គម និង សារព័ត៌មានរបស់ប្រទេសថៃ ជាមួយនឹងការវែកញែកយ៉ាងច្រើនជុំវិញការស្លាប់នេះ ដោយគេបានទម្លាក់ការសង្ស័យថា តារាស្រី Tangmo ស្លាប់ គឺអាចមានពាក់ព័ន្ធនឹងនាង Gatick ជាអ្នកចាត់របស់ Tangmo រួមទាំងអ្នករួមទូក ៤ នាក់ផ្សេងទៀត។
មកដល់ពេលនេះ ការស្លាប់របស់តារាស្រី Tangmo នៅមិនទាន់អាចបញ្ជាក់បានច្បាស់លាស់នៅឡើយ ខណៈសមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតយ៉ាងសកម្មទៅលើភសត្តុតាងមួយចំនួនទៀត ជាពិសេសគឺចម្លើយបំភ្លឺរបស់អ្នកពាក់ព័ន្ធហាក់មានពិរុទ្ធខ្លាំង៕